(ម៉ូស្គូ)៖ សមាជិកនៃក្រុម​ភេរវករ ISIS យ៉ាងតិចចំនួន៧០០នាក់ ត្រូវបានកម្ចាត់ចោល​នៅខេត្ត Nangarhar ភាគខាងកើតនៃ​ប្រទេសអាហ្វហ្គានីស្ថាន ក្នុង​អំឡុងពេលបី​ខែចុងក្រោយនេះ។ នេះបើតាមប្រព័ន្ធ​ផ្សព្វផ្សាយក្នុងស្រុក​របស់​អាហ្វហ្គានីស្ថាន ដកស្រង់ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​​ថ្ងៃ​សៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧។

ទីភ្នាក់ងារ​ព័ត៌មាន Khaama បានធ្វើ​សេចក្តីរាយការណ៍​ថា មេបញ្ជាការ​កងទ័ពអាហ្វហ្គានីស្ថាន​ លោកឧត្តមសេនីយ៍ Mohammad Zaman Waziri បាន​ឲ្យ​ដឹងថា ក្នុងរយៈពេលបី​ខែចុងក្រោយនេះ ក្រុមសកម្ម​ប្រយុទ្ធ ISIS បានបាត់បង់កម្លាំង​ក្នុងបរិមាណ​យ៉ាងច្រើន ដោយបក្សពួក​របស់ពួកគេ​យ៉ាងហោច​ណាស់​ក៏ចំនួន ៧០០នាក់ដែរបានស្លាប់ នៅក្នុងប្រតិបត្តិការ​យោធាដ៏ក្តៅ​គគុក​បន្តបន្ទាប់គ្នា។ ម៉្យាងវិញទៀត​អាជ្ញាធរនៅតាមតំបន់​ភាគខាងកើតអាហ្វ​ហ្គានីស្ថាន បានអះអាងថា លែងមានវត្តមាន​របស់ ISIS ទៀតហើយ​នាខណៈពេលនេះ ស្របពេលដែលលោក Wazari បានបញ្ជាក់ថា ប៉ុស្តិ៍សន្តិសុខ​​នឹង​ត្រូវដាក់បន្ថែម​ទៅក្នុងបណ្តា​តំបន់ដែលខ្លួនរំដោះបាន។

គួរបញ្ជាក់ថា អាហ្វហ្គានីស្ថាន បាននិងកំពុងទទួលរងគ្រោះ​ពីបញ្ហាអស្ថិរភាព ពាក់ព័ន្ធទាំងរឿងនយោបាយ សង្គម និងសន្តិសុខ អស់រយៈពេល​​ជា​ច្រើនឆ្នាំ​ណាស់មកហើយ ដោយសារតែ​ក្រុមភេរវករ រួមទាំងពួកជ្រុលនិយម​តាលីបង់ និងពួកភេរវករ ISIS នៅតែបន្តរៀបចំ​ការវាយប្រហារ​ឥតឈប់ឈរ​ទៅលើមិនថា​ប្រជាជនស៊ីវិលស្លូតត្រង់ ឬមួយក៏កម្លាំងយោធា​នោះឡើយ៕