(អាមេរិក)៖ ក្រុមហ៊ុន Fast Food ដ៏ល្បីល្បាញ McDonald's របស់សហរដ្ឋអាមេរិក​បានប្រកាសថា ខ្លួនបានសម្រេច​បញ្ចប់ភាពជាដៃគូពាណិជ្ជកម្ម​ដ៏​យូរ​អង្វែង ជាមួយគណៈកម្មាធិការ​អូឡាំពិកអន្តរជាតិ (IOC) ហើយ បន្ទាប់ពីបានធ្វើ​ការឧបត្ថម្ភអស់រយៈ៤១ឆ្នាំមក។ នេះបើតាមការចេញ​​ផ្សាយ​ដោយ​ទី​ភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀល​ថ្ងៃសោរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧។

នៅក្នុងសេចក្តីប្រកាសរួមគ្នា​មួយជាមួយ IOC ក្រុមហ៊ុន McDonald's បានពន្យល់បកស្រាយ​ថា ការសម្រេចចិត្តនេះ​គឺស្ថិតក្នុងផ្នែក​នៃការវាយតម្លៃឡើង​វិញ​ទាំងស្រុង​ទៅលើក្រុមហ៊ុន។ នាយកគ្រប់គ្រង​ទីផ្សារសកល​របស់ McDonald's លោក Silvia Lagnado បានថ្លែង​ដូច្នេះថា «ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ផែន​ការ​​កំណើនសកល​របស់យើង ពួកយើងកំពុងធ្វើ​ការគិតគូរ​ពិចារណាឡើងវិញ ទៅលើគ្រប់ទិដ្ឋភាព​ទាំងអស់​នៃមុខជំនួញ​របស់យើង ហើយ​ក៏បាន​​ធ្វើ​ការ​​សម្រេច​ចិត្ត​​បែបនេះ នៅក្នុងកិច្ចសហប្រតិបត្តិការ​ជាមួយ IOC ដើម្បីផ្តោតសំខាន់​ទៅលើអាទិភាព​ដទៃផ្សេងទៀត»។

គួរបញ្ជាក់ថា ក្រុមហ៊ុន McDonald's បានក្លាយជាម្ចាស់​ឧបត្ថម្ភអូឡាំពិក​ចាប់តាំងពីឆ្នាំ១៩៧៦មកម្ល៉េះ ហើយក្រុមហ៊ុន Fast Food ដ៏ពេញនិយម​មួយនេះ​ បានចូលរួមចំណែក​មិនតិចជាងមួយ​ពាន់លានដុល្លារឡើយ ជារៀងរាល់បួនឆ្នាំ​នៅពេលព្រឹត្តិការណ៍កីឡាអន្តរជាតិ​នេះ ប្រព្រឹត្តទៅម្តងៗ។ យ៉ាងណា​មិញ​ក្រោពី McDonald's IOC នៅតែមានអ្នកឧបត្ថម្ភ​កំពូលៗជាច្រើនទៀត​ដដែលរួមមាន Bridgestone, Panasonic, Toyota, Alibaba, Omega ជាដើម​សម្រាប់ព្រឹត្តិការណ៍​កីឡាអូឡាំពិកឆ្នាំ២០២០ខាងមុខ និងឆ្នាំក្រោយៗទៀត៕