(វ៉ាស៊ីនតោន)៖ លោក Joe Lombardo អ្នកជំនាញនៃក្រុម​ចលនាប្រឆាំងសង្រ្គាម UNAC ដែលមានមូលដ្ឋាន​នៅសហរដ្ឋអាមេរិក បានលើកឡើងថា ការ​ដែលអង្គការ NATO ពង្រីកឥទ្ធិពល​របស់ខ្លួននៅទូទាំង​ទ្វីបអឺរ៉ុប នឹងអាចចូលទៅដល់​ប្រទេសអ៊ុយក្រែន ក្បែរព្រំដែនប្រទេស​រុស្ស៊ីថែមទៀតនោះ កំពុង​បង្កការ​គំរាមកំហែង​ក្នុងកម្រិតយ៉ាងខ្លាំង​ពិតប្រាកដមួយ ដល់ស្ថិរភាព​នៅក្នុងតំបន់។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅ​រសៀលថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងក្នុងសន្និសីទ​មួយនៅរដ្ឋ Virginia លោក Lombardo បាន​និយាយថា «សហរដ្ឋអាមេរិក ធ្លាប់បាន​សន្យាថាខ្លួន នឹងមិនចល័ត​កម្លាំងអង្គការ NATO ទៅ​ក្នុង​បណ្តាប្រទេសនៃ​អតីតសហភាពសូវៀត ឬមួយក៏ទៅក្នុង​បណ្តាអតីតរដ្ឋដែល​ស្ថិតក្រោម​កិច្ចព្រមព្រៀងទីក្រុង Warsaw នោះឡើយ ប៉ុន្តែនា​ពេល​​នេះ​អង្គ​ការ NATO កំពុងមានវត្តមាន​នៅក្នុងរដ្ឋ១១ក្នុងចំណោមនោះ និងកំពុងបន្ត​ទៅកាន់ប្រទេស​ដទៃៗទៀត រួមទាំងអ៊ុយក្រែន​ផងដែរ ដែល​មាន​ព្រំ​​ប្រទល់​ធំ​ជាងគេ​បំផុតជាប់ជា​មួយរុស្ស៊ី ហើយនេះគឺជា​គ្រោះថ្នាក់យ៉ាងពិត​ប្រាកដមួយ»

ជាមួយគ្នានេះ អ្នកជំនាញមួយរូប​ទៀតរបស់ UNAC បានបន្ថែមថា «យើងប្រឆាំង​ដាច់ខាតចំពោះការ​លើកកម្ពស់​របស់សហរដ្ឋអាមេរិក ទៅ​លើ​ការ​ពង្រីក​ឥទ្ធិពលរបស់ NATO ទៅដល់ក្បែរព្រំដែន​នៃប្រទេសរុស្ស៊ី ហើយពួកយើងចាត់ទុក​អាមេរិកថា គឺជាអ្នកញុះញង់បង្កហេតុ នៅក្នុងបញ្ហាជម្លោះ​​រវាង​រុស្ស៊ី និងសហរដ្ឋអាមេរិកខ្លួនឯង»

គួរបញ្ជាក់ថា សន្និសីទ​រយៈពេលបីថ្ងៃ​ចាប់ពីថ្ងៃទី១៦-១៨ ខែមិថុនា ដែលត្រូវបានរៀបចំ​ឡើងដោយ UNAC នេះ រួមមានការពិភាក្សា​អំពីប្រវត្តិសាស្រ្ត​នៃ​ទំនាក់ទំនងអាមេរិក-រុស្ស៊ី ការពង្រីកឥទ្ធិពល​របស់អង្គការ NATO រួមនិងស្ថានការណ៍​នៅក្នុងអ៊ុយក្រែន ក៏ដូចជាបាតុភូត​នៃបដិវត្តន៍ពណ៌ជាដើម៕