(បរទេស)៖ កែវយឺតអវកាស James Webb របស់អង្គការ NASA ដែលត្រូវបាញ់បង្ហោះនៅឆ្នាំ ២០១៨ នឹងធ្វើការតាមរុករកវត្តមាន​នៃជីវិតក្រៅភព នៅលើបណ្តាភព​ដែលមានទំហំ​ប៉ុនផែនដី នៃ​ប្រព័ន្ធ​ផ្កាយ​ TRAPPIST-1 ដែលទើបតែត្រូវបានរកឃើញកាលពីប៉ុន្មានខែមុននេះ រួមនិងព្រះច័ន្ទយូរ៉ូប៉ា (Europa) ផងដែរ។ នេះ​បើ​តាមសេចក្តី​ប្រកាស​របស់ទីភ្នាក់ងារអវកាសអាមេរិកផ្ទាល់ ដកស្រង់​​ដោយសារព័ត៌មាន The Hindu នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧។

ក្រុមអ្នកវិទ្យាសាស្រ្ត​នៃអង្គការ​ណាសា (NASA) នាពេលថ្មីៗនេះ​បានប្រកាសឲ្យដឹង​ អំពីរបក​គំហើញ​ដ៏​អស្ចារ្យ​​បំផុត​មួយ​​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្ស​លោក​ នៃការរកឃើញ​ដ៏ថ្មីសន្លាង​នូវភព​ចំនួន​០៧​​ ដែលវិល​ជុំវិញ​ប្រព័ន្ធ​ផ្កាយ​តូចមួយ ដែលប្រការ​នេះកំពុង​បើកទូលាយ​នូវ​ទីតាំង​ដ៏ប្រសើរ​ជាងគេបង្អស់​សម្រាប់ការស្រាវជ្រាវ​ក៏ដូចជាស្វែង​រុករក​ជីវិត​នៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង។

យោងតាម​ប្រភពព័ត៌មាន​ដដែល​ ភពថ្មីទាំង០៧ខាងលើ​មានទំហំ​ និងទម្ងន់ប្រហាក់​ប្រហែល​នឹងភពផែនដី​របស់យើង​ដែរ​និង​ភាគ​​ច្រើន​ផ្សំ​ឡើង​​ពី​ថ្ម ហើយ​​ភព​បី​​នៅ​ក្នុង​ចំណោម​នោះមាន​សភាពសាកសម​បំផុតក្នុងការ​ធ្វើជាទីជ្រកកោន​របស់ផ្ទៃទឹកដ៏​ធំល្វឹងល្វឺយ​ដែលអាចទ្រទ្រង់​ជីវិត​បាន​។ ម៉្យាង​វិញ​ទៀត​អ្វីដែលសំខាន់​ជាងនេះទៅទៀត​នោះគឺថា ​រយៈចម្ងាយរបស់​ពួកវាពីភពផែនដី និងកម្រិត​ពន្លឺនៃផ្កាយ​របស់ពួកវា​មានឈ្មោះ​ថា Trappist-1 នឹង​អនុញ្ញាត​ឲ្យអវកាសយានិក​ធ្វើការបែងចែក​បរិយាកាសនៃ​ភពនីមួយៗ ដើម្បីស្វែង​រកសញ្ញានៃ​សារធាតុទាំងឡាយ​នៃសកម្ម​ភាព​​របស់ភាវៈមាន​ជីវិត។

គួរបញ្ជាក់ដែរប្រព័ន្ធផ្កាយ TRAPPIST-1 ដែលស្ថិតនៅ​ចម្ងាយត្រឹមតែ​ ៣៩ឆ្នាំពន្លឺប៉ុណ្ណោះពីភព​របស់យើងនោះ មានចំនួនភព​ដែល មាន​ទំហំ​ប្រហាក់​ប្រហែលនឹងផែនដី ​ហើយវិលជុំវិញ​ប្រព័ន្ធផ្កាយតែមួយគត់​ច្រើនជាង​បង្អស់ ហើយប្រព័ន្ធ​ផ្កាយតូចនេះ​មាន សីតុណ្ហភាព​មិនក្តៅពេក​រហូត​ដល់​ធ្វើ​ឲ្យ​ទឹក​ក្លាយ​​ជា​រំហួត និងមិនត្រជាក់​ពេករហូតដល់ធ្វើអ្វីៗ​ក្លាយជាទឹកកក​នោះឡើយ​។

សម្រាប់ព្រះអាទិត្យ TRAPPIST-1 គឺមានទំហំធំជាង​ភពព្រហស្បតិ៍របស់​យើងតែបន្តិច​ប៉ុណ្ណោះ (ធំជាងផែនដី​ជាង ១,៣០០ដង) ហើយពន្លឺ​របស់វា​ក៏ខ្សោយជាងព្រះអាទិត្យយើង ២,០០០ដង​ផងដែរ។ វាមានន័យថា​ទោះបីជា​ភពទាំង ០៧ គោចរកៀកនឹង​ផ្កាយនេះ​ជាងភពពុធ ដែលនៅជិតហ្នឹង​ព្រះអាទិត្យ​យើងជាងគេ​បំផុតនោះ ក៏ទំនងជាមិនមាន​បញ្ហាក្តៅខ្លាំងនោះដែរ៕