(ម៉ាឌ្រីត)៖ កូរ៉េខាងជើងកំពុង​បើកទ្វារចំហខ្លាំងជាងមុន ដើម្បីទាក់ទាញស្វាគមន៍ភ្ញៀវទេសចរ​អន្តរជាតិ ហើយអ្នកដែល​មានបំណង ចង់មកធ្វើដំណើរកម្សាន្ត​​នៅ​ក្នុង​ប្រទេសនេះ អាចទទួលបាន​ទិដ្ឋាការ​ ក្នុងអំឡុងពេលមិនលើស​ពីបួនសប្តាហ៍ឡើយ។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹក​ថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧។

ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើង​ដោយឯកអគ្គរដ្ឋទូតកូរ៉េខាងជើង​ ប្រចាំប្រទេសអេស៉្បាញ ដើម្បីជាការរិះគន់​ដល់ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក ដែល​បាន​​លាប​ពណ៌​អាក្រក់លើប្រទេស​កូរ៉េខាងជើង តាមរយៈការធ្វើ​សេចក្តីរាយការណ៍​ព័ត៌មានមិនពិត។ លោក Kim Hyok-chol ថ្លែងថា «ពួកគេតែងតែ​​និយាយថា ការធ្វើដំណើរ​មកកាន់ប្រទេសរបស់យើង​ មានភាពលំបាកខ្លាំងណាស់ ក៏ប៉ុន្តែវាមិន​ដូច្នោះឡើយ។ អ្នកអាចធ្វើ​និងទទួលបានទិដ្ឋាការ​ ក្នុង​រយៈពេលមិនដល់​មួយខែនោះទេ»

គួរបញ្ជាក់ថា ស្របពេលកំពុង​​ជាប់ទណ្ឌកម្មសេដ្ឋកិច្ច​ ពីសហគមន៍អន្តរជាតិ កូរ៉េខាងជើង​ទំនងជាកំពុងឆ្លៀត​យកពេល​វេលា​ពីការបាញ់​មីស៊ីលបង្អួត ​សហរដ្ឋ​អាមេរិក មកធ្វើបទបង្ហាញពី​ការទាក់ទាញភ្ញៀវទេសចរ​បរទេស ឲ្យទៅកម្សាន្ត​ប្រទេស​​របស់ខ្លួន៕