(វ៉ាស៊ីនតោន)៖ សេចក្តីថ្លែងការណ៍ថ្មី តែជារឿងដដែលៗប៉ុណ្ណោះ ដោយក្រសួងការបរទេស​អាមេរិកបាន​លើក​ឡើងថា ប្រទេស​កូរ៉េខាងជើង គួរតែលុបបំបាត់កម្មវិធីផលិត​អាវុធនុយក្លេអ៊ែរ​របស់ខ្លួនជាមុនសិន ទើបអាចធ្វើការពិភាក្សា​ជាមួយសហរដ្ឋអាមេរិកជាក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧។

ការលើកឡើងរបស់អាមេរិកខាងលើនេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានថ្លែងថា លោកស្វាគមន៍ចំពោះការរៀបចំ​កិច្ចពិភាក្សាដោយគ្មាន​លក្ខខណ្ឌជាមួយនឹង ប្រទេសកូរ៉េខាងជើង ប៉ុន្តែលុះត្រាណាតែ​រដ្ឋកុម្មុយនិស្តមួយនេះ ព្រមបញ្ឈប់​ការបង្កហេតុ​ទាំងអស់ (មានន័យថា ត្រូវឈប់បាញ់​មីស៊ីល​សាកល្បង និងបំផ្ទុះអាវុធនុយក្លេអ៊ែរផ្សេងៗ)។

អ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិក Heather Nauert បានលើកឡើង​យ៉ាងដូច្នេះថា «ជំហររបស់យើង គឺមិនផ្លាស់ប្តូរ​នោះទេ។ សម្រាប់កូរ៉េខាងជើង យើងអាចធ្វើការពិភាក្សា​គ្នាជាមួយគេបាន លុះត្រាណាតែ ប្រទេសនេះព្រមលះបង់បោល​អាវុធនុយក្លេអ៊ែរ ហើយវាក៏ជាអ្វីដែល​យើងមិនបានរំពឹងថា ពួកគេនឹងបោះជំហាន​ដើម្បីធ្វើដូច្នោះ​នោះដែរ»។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនៅតែបង្ហាញក្តីព្រួយបារម្ភខ្លាំងដដែល ចំពោះការបង្កហេតុរបស់កូរ៉េខាងជើង ដែលនឹងបន្តកើនឡើងជាលំដាប់៕