(ឡាហាវ៉ាន់)៖ នយោបាយថ្មីរបស់ លោក ដូណាល់ ត្រាំ ទៅលើប្រទេសគុយបាត្រូវបានប្រកាសចេញហើយ ដោយវាមិនខុសអ្វីពីការចេញផ្សាយព័ត៌មានកន្លងមកនោះទេ នោះគឺរដ្ឋបាលអាមេរិកថ្មីនេះ បានចាប់ផ្តើមរឹតបន្តឹង​ទំនាក់ទំនង ការធ្វើដំណើរ និងពាណិជ្ជកម្មជាមួយគុយបាឡើងវិញ ដោយផ្ទុយទៅនឹងអ្វីដែលអតីតរដ្ឋបាលលោក​អូបាម៉ា ធ្លាប់សម្រេចបានជាប្រវត្តិសាស្ត្រ។ ប្រការនេះបានបង្កឲ្យរដ្ឋាភិបាលគុយបា ខកចិត្តជាខ្លាំង និងហៅ​នយោបាយអាមេរិកនេះថា ជាដំណើរឆ្ពោះទៅរកភាពបរាជ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលគុយបា បានបញ្ជាក់យ៉ាងដូច្នេះថា «យុទ្ធសាស្ត្រណាក៏ដោយ ដែលមានគោលដៅ​ផ្លាស់ប្តូរ ប្រព័ន្ធនយោបាយ, សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសគុយបា ទោះបីវាជាចេតនា​ដើម្បីផលប្រយោជន៍ តាមរយៈការដាក់សម្ពាធ ឬការប្រឆាំងក៏ដោយ ឬជាការប្រើវីធីសាស្ត្រផ្សេងៗទៀត ដើម្បីរឹតបន្តឹងឡើងវិញលើគុយបា ទាំងនោះសុទ្ធតែជា​ជំហានឆ្ពោះទៅរកភាពបរាជ័យ»

គួរបញ្ជាក់ថា នៅសុក្រសប្តាហ៍នេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក បានធ្វើការកែប្រែ​គោលនយោបាយចាស់ៗមួយចំនួន ដែលត្រូវបានបង្កើតឡើងដោយអតីតរដ្ឋបាលលោក អូបាម៉ា ហើយប្រការ​នេះ វានឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសអតីតបច្ចាមិត្តទាំងពីរនេះ វិលទៅរកភាពតានតឹងឡើងវិញ តាមរយៈការ​រឹតបន្តឹងជាថ្មីលើ ការធ្វើដំណើរ និងពាណិជ្ជកម្ម។ ទំនាក់ទំនងអាមេរិក និងគុយបាត្រូវបានបង្កើតឡើងវិញជា​ផ្លូវការកាលពីឆ្នាំ២០១៥ រវាងលោក អូបាម៉ា និងលោក កាស្ត្រូ ប៉ុន្តែពេលនេះ ស្រមោលខ្មៅបានត្រឡប់មកវិញ​ហើយ ក្រោមរដ្ឋបាល លោក ដូណាល់ ត្រាំ៕