(បរទេស)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ល្បីល្បាញ Amazon បានប្រកាសថា ខ្លួននឹងធ្វើការទិញយកក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងទេស​ និងចំណីអាហារ​សរីរាង្គ Whole Foods Market នៅ​សហរដ្ឋអាមេរិកដូចគ្នា ក្នុងកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃដល់ទៅ ១៣.៧ពាន់លានដុល្លារ ដែល​វា​គឺ​ជា​ការ​ចំណាយ​ដ៏​ធំ​បំផុត​មិន​ធ្លាប់​​មាន​ពីមុន​មកនោះឡើយ សម្រាប់ Amazon.com Inc។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅយប់ថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០១៧។

នាយកប្រតិបត្តិរបស់ Amazon លោក Jeff Bezos បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មនុស្សរាប់លាននាក់ ស្រឡាញ់និងចូលចិត្តក្រុមហ៊ុន Whole Foods Market ដោយសារតែពួកគេផ្តល់ចំណីអាហារនិងគ្រឿងទេស តាមបែបលក្ខណៈធម្មជាតិនិងសរីរាង្គពិតៗ ហើយពួកគេជួយធ្វើឲ្យការ​បរិ​ភោគដោយគិតគូរពីសុខភាព មើលទៅគួរឲ្យសប្បាយរីករាយ»

គួរបញ្ជាក់ថា ក្រុមហ៊ុន Amazon នឹងធ្វើការទិញយកជាសាច់ប្រាក់សុទ្ធជាមួយតម្លៃ៤២ដុល្លារ ក្នុងមួយភាគហ៊ុននៃក្រុមហ៊ុន Whole Foods Market។ ​ដោយឡែកកាលពីឆ្នាំ២០១៤ ក្រុមហ៊ុន Amazon បានចំណាយប្រាក់សុទ្ធចំនួន៩៧០លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនផ្តល់សេវាវិដេអូហ្គេមដ៏ធំ​មួយមានឈ្មោះថា Twitch Interactive ដែលកាលណោះ វាគឺជាការចំណាយច្រើនជាងគេបំផុតសម្រាប់ Amazon៕