(បាងកក)៖ បុគ្គលិកសម្អាត​អនាម័យតាមដងផ្លូវម្នាក់​បានទទួលរងរបួសស្រាល នារសៀល​ថ្ងៃសុក្រនេះ បន្ទាប់​ពី​មាន​ការ​​វាយ​ប្រហារដោយ​គ្រាប់បែក​​កែឆ្នៃមួយគ្រាប់ នៅក្បែរទីស្នាក់ការ​នៃអង្គការ UNESCO ​ប្រចាំនៅរាជធានី​បាងកក នៃប្រទេសថៃ។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌​មាន​ចិន ស៊ិនហួរ នៅរសៀល​ថ្ងៃសុក្រ​ ទី១៦ ខែមិថុនា ឆ្នាំ២០១៧។

ប៉ូលិសទីក្រុងបាងកក​បានឲ្យដឹងថា វត្ថុធាតុផ្ទុះនោះស្ថិតក្នុង​ថង់ប្លាស្ទិចមួយ ដែលត្រូវបាន​គេលាក់ទុកនៅ​ក្នុងគុម្ពផ្កា​មួយកន្លែង នៅខាងលើទីស្នាក់ការ​​របស់អង្គការ UNESCO ក្នុងរាជធានីនៃ​ប្រទេសថៃ ហើយខណៈពេលនោះស្រ្តីម្នាក់ ដែលកំពុងសម្អាតអនាម័យនៅលើចិញ្ចើមផ្លូវមុខនោះ បានប្រទះ​ឃើញ​​ថង់នោះហើយក៏បើកវាឡើង ដែលពេលនោះហើយ​វត្ថុសង្ស័យបានផ្ទុះ។ ជាមួយគ្នាស្តី្ររងគ្រោះ​រូបនោះ កំពុងទទួល​ការព្យាបាលនៅមន្ទីរពេទ្យ និង​ពុំ​បានទទួល​រងរបួសធ្ងន់ធ្ងររហូតគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

គួរបញ្ជាក់ថា ករណីផ្ទុះគ្រាប់បែកទ្រង់ទ្រាយ​តូចជាបន្តបន្ទាប់ បានកើតមានឡើង​នៅក្នុងទីក្រុងបាងកក ក្នុងអំឡុងពេលប៉ុន្មាន​ខែចុងក្រោយនេះ ហើយ​ពុំមានក្រុមភេរវករ​ណាមួយ ចេញមុខទទួលខុសត្រូវនោះ​ឡើយ ក៏ប៉ុន្តែសកម្មភាព​ទាំងអស់នេះ ត្រូវបានគេសង្ស័យថា ក្រុមអ្នកប្រឆាំង​នឹងរបបដឹកនាំ​យោ​ធា​នៅក្នុងប្រទេស កំពុងបង្ហាញឲ្យឃើញ​ពីការមិនពេញចិត្ត​របស់ពួកគេ៕