(ឡុងដ៍)៖ ក្រុមអ្នកពន្លត់អគ្គិភ័យ​អង់គ្លេស បាននិងកំពុងបន្តស្វែង​រកសាកសពមនុស្សជា​ច្រើននាក់បន្ថែមទៀត ដែលគេជឿជាក់ថា បានស្លាប់បាត់បង់ជីវិត​នៅក្នុងគ្រោះអគ្គិភ័យ ឆាបឆេះអគារខុនដូ​កម្ពស់ ២៤ជាន់មួយកន្លែង ក្នុងទីក្រុងឡុងដ៍អស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃពុធ ខណៈបច្ចុប្បន្នចំនួន​អ្នកស្លាប់កើនដល់ ១៧នាក់។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមប៉ូលិសអង់គ្លេស មនុស្សយ៉ាងតិចចំនួន ១៧នាក់បានស្លាប់ និង៣០នាក់​កំពុង​សម្រាក​ព្យាបាល​​នៅ​ឯ​មន្ទីរ​ពេទ្យ រីឯចំនួនអ្នកបាត់បង់ជីវិត​ត្រូវបានគេរំពឹងថា អាចនឹង​បន្តកើនឡើង​ត្បិតមនុស្សជាច្រើននាក់ នៅតែបន្តបាត់ខ្លួននៅ​ឡើយដែល​ត្រូវ​គេ​សង្ស័យថា បានជាប់ខ្លួននៅក្នុងអគារ​កើតហេតុ។ មកទល់ពេលនេះ មូលហេតុនៃអគ្គិភ័យ ពុំទាន់ត្រូវបានគេបញ្ជាក់​ឱ្យច្បាស់នោះទេ ស្របពេលសំណួរ​ជាច្រើនកំពុងត្រូវ​បានគេចោទសួរថា តើការជួសជុល​កែលម្អអគារនេះ​ឡើងវិញ អាចជាមូលហេតុចូលរួម​ចំណែកបង្កឱ្យមាន គ្រោះអគ្គិភ័យ​ដ៏ប្រល័យនេះ ឬក៏យ៉ាងណា។

គួរបញ្ជាក់ថា អគារខាងលើនេះ​​មាន​ឈ្មោះថា Grenfell Tower ស្ថិតនៅក្នុងសង្កាត់ North Kensington ភាគខាងលិច​​ទីក្រុងឡុងដ៍ ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បានទទួល​រងការឆាបឆេះកាលពីវេលាម៉ោង ១៖១៦នាទីយប់ថ្ងៃពុធ (ម៉ោងក្នុងតំបន់) ចាប់តាំងពីជាន់ទីពីរ​រហូតដល់ជាន់លើបំផុត ហើយ​ក្រុម​ពន្លត់​​អគ្គី​ភ័យ​ដល់​ទៅ​ជាង ២០០នាក់ បាន​​ចូលរួមពន្លត់​គ្រោះអគ្គីភ័យដ៏​ធំសម្បើមនេះ។ មនុស្សរហូតដល់ ៦០០នាក់ មានទាំងកុមារ និងជនចាស់ជរា​ត្រូវគេជឿជាក់ថា បានស្ថិតក្នុងលំនៅឋាន​ប្រមាណ ១២០ខ្នង ដែលនៅ​ក្នុងអគារ​កម្ពស់​​​២៤​ជាន់​នោះ នៅពេលដែលអគ្គីភ័យបានកើត​ឡើង រីឯមូលហេតុដែល​បានបង្កជាគ្រោះ​អគ្គីភ័យវិញ មិន​ទាន់​ត្រូវ​បាន​ដឹង​ច្បាស់​​នៅ​ឡើយ​​​ទេ​ ស្រប​​ពេល​ដែល​ការ​ស៊ើប​អង្កេត​​បាននិងកំពុងធ្វើឡើង៕