(ប៉ាគីស្ថាន)៖ តុលាការប្រឆាំងភេរវកម្មមួយ​នៅក្នុងប្រទេសប៉ាគីស្ថាន បានសម្រចកាត់ទោស​ប្រហារជីវិតបុរសម្នាក់​ពីបទចោទប្រកាន់ថា បានប្រព្រឹត្តបទឧក្រិដ្ឋ​ដោយប្រមាថសាសនានៅលើ Facebook ហើយដែលនេះគឺជា​ការកាត់ទោសប្រហារជីវិត​លើកដំបូងបំផុត សម្រាប់ការប្រមាថ​សាសនានៅលើបណ្ដាញ​ទំនាក់ទំនងសង្គម។ នេះបើតាមសម្តីរដ្ឋអាជា្ញប៉ាគីស្ថាន លោក Shafiq Qureshi ដកស្រង់ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។

សាលក្រមកាត់ទោស​ប្រហារជីវិតលើបុរស​ឈ្មោះ Taimoor Raza អាយុ ៣០ឆ្នាំ ធ្វើឡើងបន្ទាប់ពី​រដ្ឋាភិបាលលោក​ប្រធានាធិបតី Nawaz Sharif បានដាក់ចេញ​ច្បាប់ប្រឆាំង នឹងការប្រមាថ​សាសនា នៅលើបណ្ដាញ​ទំនាក់ទំនងសង្គម។ ជាមួយគ្នានោះ​ដែរ លោក Shafiq Qureshi បានឱ្យដឹងថា ការប្រមាថ​លើសាសនាគឺជាទោស​ឧក្រិដ្ឋធ្ងន់ធ្ង​របំផុតមួយ នៅក្នុងប្រទេស​ប៉ាគីស្ថាន ហើយ Raza​ ត្រូវបានកាត់ទោស​ប្រហារជីវិត​ដោយសារតែរូបគេ​ បានធ្វើសកម្មភាព​ប្រមាថមើលងាយលើអ្នកនាំ​សារបស់ព្រះគឺ មហាំម៉ាត់ ប្រពន្ធ និងបងប្អូនរបស់គាត់ នៅលើបណ្ដាញ​ទំនាក់ទំនងសង្គម បើទោះជាច្បាប់​នៅក្នុងប្រទេសបាន​ហាមឃាត់ក៏ដោយ។

គួរបញ្ជាក់ថា Taimoor Raza ត្រូវបានតុលាការ​នៅក្នុងទីក្រុង Bahawalpur ស្ថិតនៅចំងាយ ៥០០គីឡូម៉ែត្រពីទីក្រុង Lahore កាត់ទោសប្រហារជីវិត ដែលនេះគឺជាការកាត់ ទោសលើកដំបូងនៅក្នុងប្រទេសប៉ាគីស្ថាន ពាក់ព័ន្ធនឹងការប្រើបណ្ដាញ​ទំនាក់ទំនងសង្គម ក្នុងការបញ្ចេញមតិ​ដែលល្មើសច្បាប់ប្រទេសជាតិ៕