(គូឡាឡាំពួ)៖ កងទ័ពជើងអាកាសនៃប្រទេសម៉ាឡេស៊ី បានឲ្យដឹងនាថ្ងៃព្រហស្បតិ៍​នេះថា យន្តហោះចម្បាំង​ប្រភេទ Hawk ចំនួន​មួយគ្រឿង​បានបាត់ខ្លួន បន្ទាប់ពីវាបានហោះចាកចេញពីបន្ទាយ​បានតែប៉ុន្តែនាទីប៉ុណ្ណោះ។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅ​រសៀល​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមសេចក្តីថ្លែងការណ៍​របស់កងទ័ពអាកាស​ម៉ាឡេស៊ី យន្តហោះចម្បាំង​សម្រាប់ប្រើប្រាស់​ក្នុងហ្វឹកហាត់ធុន Hawk 108 មួយគ្រឿង​បាន​ហោះ​​ហើរ​ចាក​ចេញ​ពី​​មូល​ដ្ឋាន​ទ័ព​អាកាស​​មួយកន្លែង នៅក្នុង​ទីក្រុង Kuantan កាលពីវេលាម៉ោង ១១៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោង​ក្នុង​តំបន់) ហើយស្រាប់តែ​បានដាច់ការទាក់ទង នៅកន្លះម៉ោង​ក្រោយ​មក។ ទន្ទឹមនឹងនេះ​ប្រតិបត្តិការរុករក និងជួយសង្រ្គោះកំពុងតែប្រព្រឹត្ត​ទៅហើយ។

គួរបញ្ជាក់ថា យន្តហោះ Hawk 108 គឺជាយន្តហោះចម្បាំង​សម្រាប់ធ្វើការហ្វឹកហាត់​ប្រើប្រាស់សព្វាវុធ ដែលអាចផ្ទុកអាកាសយានិកបាន​ពីរនាក់៕