(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង​នាថ្ងៃព្រហស្បតិ៍នេះ​បានបញ្ជាក់ថា ខ្លួនពិតជាបានសម្រេច ធ្វើការដោះលែង​និស្សិតអាមេរិក​ឈ្មោះ Otto Warmbier ដោយ​​ផ្អែក​លើ​​គោលការណ៍​មនុស្សធម៌ ខណៈលោក Warmbier ត្រូវបានបញ្ជូន​ទៅកាន់ទឹកដី​កំណើតរបស់ខ្លួនវិញ (អាមេរិក) ទាំងក្នុងសភាព​សន្លប់ស្តូកស្តឹង​។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។

ទីភ្នាក់ងារដ្ឋកូរ៉េខាងជើង​បានធ្វើសេចក្តីរាយការណ៍ថា របបដឹកនាំទីក្រុងព្យុងយ៉ាង បានបញ្ជូន​និសិ្សតនៃ​សាកលវិទ្យាល័យ Virginia រូបនេះ ទៅ​កាន់​ប្រទេសរបស់ខ្លួន​វិញ​ កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ក្រោមហេតុផល​មនុស្សធម៌ ដោយអនុឡោម​តាមការសម្រេចចិត្ត​របស់តុលាការមជ្ឈិម នៃប្រទេសកូរ៉េ​ខាងជើង។

យ៉ាងណាមិញ លោក Warmbier មានវ័យ២២ឆ្នាំ បានបានវិលត្រឡប់​ទៅកាន់លំនៅឋាន​របស់លោក នៅក្នុងរដ្ឋ Ohio វិញ ដោយស្ថិតក្នុងសភាព​​សន្លប់បាត់ស្មារតី ក្រោយពីបានជាប់ឃុំឃាំង​អស់រយៈពេល ១៧ខែ ក្រោមការចោទប្រកាន់ថា បានលួចយកផ្ទាំងឃោសនា​នយោបាយ ពីសណ្ឋាគារ​មួយកន្លែង នៅក្នុងប្រទេស​កូរ៉េខាងជើង។ ជុំវិញបញ្ហានេះ​ទីក្រុងព្យុងយ៉ាង​បានបកស្រាយថា និស្សិតអាមេរិករូបនេះ បានធ្លាក់ខ្លួនឈឺ​ដោយសារ​​ការ​ពុល​អាហារ​​ បន្ទាប់ពីបានឡើង​តុលាការជំនុំជម្រះក្តីកាលពី​ខែមីនា ឆ្នាំ២០១៦មកម្ល៉េះ ហើយបានស្ថិតក្នុង​សភាពសន្លប់ស្តូកស្តឹងបាត់ស្មារតី​​បែប​នេះ ​ក្រោយពីលោកបាន​លេបថ្នាំងងុយគេង​មួយគ្រាប់។

គួរបញ្ជាក់ថា លោក Otto Warmbier ត្រូវបានអាជ្ញាធរ​កូរ៉េខាងជើង ចាប់ខ្លួនកាលពី​ខែមករា ឆ្នាំ២០១៦ ពីបទប្រព្រឹត្តសកម្មភាព​ប្រឆាំងរដ្ឋអំណាច​ និងត្រូវបានកាត់ទោស​ឲ្យជាប់ពន្ធនាគារ​ចំនួន១៥ឆ្នាំ ហើយការដោះលែង​រូបលោកនេះ ត្រូវបានធ្វើឡើងបន្ទាប់​ពី លោក Joseph Yun បេសកជន​នុយក្លេអ៊ែរ​ជាន់ខ្ពស់របស់​សហរដ្ឋអាមេរិក បានជួបពិភាក្សាជា​មួយគ្នាចំនួន​ពីរលើក ជាមួយមន្រ្តីកូរ៉េខាងជើង នៅក្នុងទីក្រុង​អូស្លូ ប្រទេសន័រវេស និង​នៅក្នុងទីក្រុង​ញូយ៉ក ជុំវិញនិស្សិតអាមេរិកត្រូវ​បានឃុំខ្លួនរូបនេះ។ ម៉្យាងវិញទៀត​ក្រៅពី លោក Warmbier ក៏នៅមានជនជាតិអាមេរិក​ចំនួនបី​នាក់ផ្សេងទៀត​ផងដែរ កំពុងស្ថិតក្រោម​ការឃុំឃាំង​របស់កូរ៉េខាងជើង៕