(សូម៉ាលី)៖ ក្រុមខ្មាន់កាំភ្លើងជាច្រើននាក់ បានបើកការវាយប្រហារ​លើភោជនីយដ្ឋានពីរ​កន្លែង នៅក្នុងរដ្ឋធានី Mogadishu នៃប្រទេសសូម៉ាលី​កាលពីយប់ថ្ងៃពុធ ដោយបានផ្ដាច់​យកអាយុជីវិតមនុស្ស ១៧នាក់ និង២៦នាក់​ផ្សេង​ទៀតរងរបួស ខណៈមនុស្សជាច្រើននាក់​ត្រូវបានចាប់ជា​ចំណាប់ខ្មាំង។ នេះបើតាមប្រភព​ពីក្រុមអ្នកជួយសង្រ្គោះ​ ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។

ក្រុមអ្នកជួយ​សង្រ្គោះ Aamin Ambulance នៅថ្ងៃព្រហស្បតិ៍នេះ​បានបញ្ជាក់​នៅលើ Twitter​ ថា ពួកគេបានរកឃើញ​សាកសពមនុស្ស ១៧នាក់ និងជម្លៀស​មនុស្សរបួស ២៦នាក់ ទៅមន្ទីរពេទ្យ ប៉ុន្តែពួកគេបាន​ផ្អាកការជួយ​សង្រ្គោះ ដោយសារតែ​ស្ថានភាពនៅតែ​ច្របូលច្របល់ ដោយមនុស្សជាច្រើននាក់​ត្រូវគេចាប់ជា​ចំណាប់ខ្មាំង។​ ដោយឡែក​បើតាមមន្ត្រី​ប៉ូលិស លោក Mohamed Nur អត្តឃាតជនម្នាក់បានដឹកនាំ​ការវាយប្រហារបំផ្ទុះរថយន្ដអត្តឃាត នៅមុខភោជនីយដ្ឋាន Posh ស្ថិតនៅក្នុងតំបន់ Hodan រីឯខ្មាន់​កាំភ្លើង​មួយក្រុមផ្សេងទៀត បានវាយប្រហារបំផ្ទុះគ្រាប់បែក​នៅឯភោជនីយដ្ឋាន Pizza House ដែលស្ថិត​នៅក្បែរ Posh ហើយពួកគេក៏បាន​បាញ់តបត ជាមួយ​ក្រុមសន្តិសុខផងដែរ។​

គួរបញ្ជា​ក់ថា ក្រុម​សកម្មប្រយុទ្ធ Al-Shabaab មានមូលដ្ឋាន​នៅក្នុងប្រទេស​សូម៉ាលី និងជាបណ្ដាញ​របស់ក្រុមអាល់កៃដា បានចេញមុខអះអាងថា ខ្លួនជាអ្នកនៅពីក្រោយ​ការវាយប្រហារនេះ ហើយក្រុមមួយនេះ​ជារឿយៗ តែងតែដឹកនាំការប្រហាររបៀបនេះ​ប្រឆាំងនឹងជនស៊ីវិល និងកងកម្លំាងរដ្ឋាភិបាល​គិតចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ៕