(ប៉េកាំង)៖ នាថ្ងៃនេះប្រទេសចិន​បានធ្វើការបាញ់បង្ហោះ​ជាប្រវត្តិសាស្រ្ត នូវកែវយឺតអវកាស​ប្រភេទ X-Ray ដំបូងបំផុត​របស់ខ្លួន ដើម្បី​ធ្វើការតាម​ដានក៏ដូចជាអង្កេតមើល​ប្រហោងខ្មៅ (Black Hole) និង​ប្រភេទផ្កាយ Pulsar រួមទាំងអភូតហេតុ​ដ៏អស្ចារ្យដទៃៗផ្សេងទៀត នៅក្នុងចក្រវាឡ តាម​រយៈ​គ្រាប់​រ៉ុក្កែត Long March-4B ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Jiuquan ភាគពាយ័ព្យ​វាលខ្សាច់ Gobi នៃប្រទេសចិន នាវេលាម៉ោង ១១៖០០នា​ទី​ព្រឹក​នេះ។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។

កែវយឺតអវកាស HXMT ឬ Insight មានទម្ងន់២.៥តោន ត្រូវបានបញ្ជូន​ទៅកាន់គន្លងអវកាស ក្នុងកម្ពស់ប្រមាណ ៥៥០គីឡូម៉ែត្រពីលើផ្ទៃភពផែន​ដី ក្នុងគោលបំណង​ជួយដល់អ្នកវិទ្យាសាស្រ្ត ក្នុងការស្វែងយល់​ឲ្យបានកាន់តែច្បាស់ អំពីការវិវឌ្ឍន៍​របស់ប្រហោងខ្មៅ និងដែនម៉ាញេទិច​​ដ៏ខ្លាំង​ក្លា រួមទាំងផ្នែកខាងក្នុង​របស់ប្រភេទផ្កាយ Pulsar។ ម៉្យាងវិញតាម​រយៈកែវយឺតនេះ ក្រុមអ្នកវិទ្យាសាស្រ្ត ក៏នឹងសិក្សា​ស្រាវជ្រាវ អំពីរៀបនៃការប្រើ​ប្រាស់​កម្លាំងរបស់ Pulsars សម្រាប់ការធ្វើ​ដំណើររបស់យានអវកាស ក៏ដូចជាការតាមស្វែងរកបន្ទុះកាំរស្មី Gamma-Ray ដែលដូចទៅនឹង​រលកទំនាញផងដែរ។​

គួរបញ្ជាក់ថា កែវយឺត Insight ដែលជាសមិទ្ធិផល​នៃចំណេះដឹង បូករួមទាំងកិច្ចខិតខំ​ប្រឹងប្រែង របស់ក្រុមអ្នកវិទ្យសាស្រ្ត​ចិនជាច្រើនជំនាន់ ត្រូវ​បានគេរំពឹងថា នឹងជំរុញការអភិវឌ្ឍន៍​វិស័យតារាសាស្រ្ត និងធ្វើឲ្យបច្ចេកវិទ្យា​ចាប់សញ្ញាដោយ X-Ray នៅទីអវកាស កាន់តែរីកចម្រើនថែម​ទៀត​នៅក្នុងប្រទេសចិន។ បច្ចុប្បន្នប្រទេសដែលនាំមុខខ្លាំងជាងគេបំផុត ទៅលើការស្រាវជ្រាវប្រព័ន្ធផ្កាយ និងប្រហោងខ្មៅនោះ គឺមានតែសហរដ្ឋ​អាមេរិកមួយប៉ុណ្ណោះ៕