(តូក្យូ)៖ សមាជិកសភានៃប្រទេសជប៉ុនបានព្រមព្រៀងគ្នា អនុម័តច្បាប់ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម​ជាលើកដំបូងហើយ ដោយវា​នឹងអនុញ្ញាតឲ្យអាជ្ញាធរ​ធ្វើការកំណត់មុខសញ្ញា និងតាមដានក្រុម ឬជនសង្ស័យដែល​អាចបង្កអំពើភេរវកម្ម ខណៈបក្សប្រឆាំងកំពុងតែបង្ហាញការមិនគាំទ្រ។ នេះបើតាម​ការផ្សាយរបស់​សារព័ត៌មាន BBC នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។

ការអនុម័តច្បាប់នេះ គឺដោយមានការប្រឹងប្រែង​ពីនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្សូ អាបេ ដែលបាន​ជម្រុញវា​ទៅកាន់សភាជាន់ខ្ពស់​នៅព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង បើទោះបីជាមានការ​ជំទាស់ពីក្រុមប្រឆាំងក៏ដោយ។ រដ្ឋាភិបាលជប៉ុនបានបកស្រាយថា ច្បាប់ខាងលើនេះពិតជាមានសារៈសំខាន់ ក៏ព្រោះតែប្រទេសអាស៊ីបូព៌ាមួយនេះ នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិកអន្តរជាតិនៅ ឆ្នាំ២០២០ខាងមុខនេះ ហើយវាក៏ស្រប​ទៅតាមច្បាប់​អន្តរជាតិ ដែលជាជប៉ុនជាម្ចាស់ហត្ថលេខីផងដែរ។

គួរបញ្ជាក់ថា ទោះបីជាមានការបកស្រាយ​យ៉ាងណាក៏ដោយ ក៏ក្រុមអ្នករិះគន់ និងបក្សប្រឆាំង​បានលើកឡើងតប​វិញថា ច្បាប់ខាងលើនេះ​នឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ​សេរីភាព​របស់ប្រជាជនស៊ីវិល ដែលប្រជាជនខ្លះអាច​ទទួលរង​ការ​រំលោភបំពាន ខណៈអាជ្ញាធរ​អាចនឹងចាត់វិធានការ​ខុសទៅលើជនស្លូតត្រង់។ សម្រាប់ច្បាប់ថ្មីនេះ គឺមានចែង​អំពីស្ថានបទឧក្រិដ្ឋ និងទម្ងន់ទោស សម្រាប់ជនទាំងឡាយណាដែលប្រព្រឹត្តល្មើស ឧទាហរណ៍ដូចជា ក្រុមមនុស្ស​(ចាប់ពីពីរនាក់ឡើងទៅ) បើមានម្នាក់ក្នុងនោះបានប្រព្រឹត្តបទឧក្រិដ្ឋតែឯង នោះអ្នកផ្សេងៗ​ទៀតស្ថិតនៅក្នុងក្រុមជាមួយគ្នា ក៏មិនអាចរួចខ្លួន​ពីសមត្ថកិច្ចនោះដែរ៕