(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ​ត្រាំ កំពុងត្រូវបាន​ស៊ើបអង្កេតហើយ ដោយ​រដ្ឋអាជ្ញាពិសេស លោក Robert Mueller នៅក្នុងក្របខណ្ឌ​នៃការស៊ើបអង្កេត ពាក់ព័ន្ធនឹង​ការលូកដៃ ឬបង្កឧបសគ្គ​ដល់ការស៊ើបអង្កេត​ ទាក់ទិននឹង​ការជៀតជ្រែក​របស់រុស្ស៊ី នៅ​ក្នុងកិច្ចការ​បោះឆ្នោត​ជ្រើសរើសប្រធានាធិបតី​អាមេរិក កាលពីឆ្នាំ២០១៦។ តាមរយៈ​ការស៊ើបអង្កេត​នេះ វាអាចនឹង​បង្កហានិភ័យដល់​តំណែងប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅក្នុងករណី​ដែលគេរកឃើញ​ថា លោកពិតជា​បានប្រព្រឹត្ត​កំហុស ពោលគឺក្រុម​សមាជិកសភា​ប្រជាធិបតេយ្យ​អាមេរិក មុខជានឹងដាក់​សំណើដំណើរការ​នីតិវិធីទម្លាក់រូបលោក​ចេញពីតំណែង។ នេះបើតាម Washington Post ដកស្រង់ដោយទីភ្នាក់ងារ​សារព័ត៌មាន R​euters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។

ជុំវិញការស៊ើបអង្កេត​នេះដែរ កាសែត Washington Post ដោយផ្អែកលើប្រភព​ដែលខ្លួនទទួលបាន​ពីក្រុមមន្ត្រីអាមេរិក​ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ទៀតថា នាយកទីភ្នាក់ងារជាតិ​ស៊ើប​អង្កេតអាមេរិក លោក Dan Coats, លោក Mike Rogers ជានាយកទីភ្នាក់សន្តិសុខជាតិ (NSA) និងអតីតនាយករង NSA លោក Richard Ledgett បានយល់ព្រម​ផ្ដល់បទសម្ភាសន៍​ ជាមួយក្រុមអ្នកស៊ើបអង្កេត​របស់ លោក Mueller កាលពីដើម​សប្ដាហ៍នេះ។ ក៏ប៉ុន្តែព្រមពេល​ជាមួយគ្នា ក្រុមអ្នកច្បាស់​របស់លោក ត្រាំ បានថ្កោលទោស​ចំពោះសេចក្ដីរាយការណ៍​នេះ និងអះអាងថា កង្វះខាត​ព័ត៌មាននៃ FBI ក្នុងការចោទប្រកាន់​លើ លោក ត្រាំ គឺជារឿងគួរ​ឱ្យខ្មាសអៀន មិនអាចអត់​ឱនឱ្យបាន និងជាទង្វើខុសច្បាប់ រីឯអ្នកនាំពាក្យ​ក្រុមអ្នកស៊ើប​អង្កេត លោក Mueller បានបដិសេធ​មិនធ្វើអត្ថាធិប្បាយ​អ្វីឡើយ។

គួររំលឹកថា កាលពីសប្ដាហ៍មុន ថ្លែងនៅចំពោះមុខ​គណកម្មាធិការស៊ើបអង្កេតព្រឹទ្ធ​សភាអាមេរិក អតីតនាយក FBI លោក ​James Comey បាននិយាយថា លោកជឿជាក់ថា ការបញ្ចប់តួនាទី​របស់លោក ដោយលោក ដូណាល់ ត្រាំ គឺដើម្បីរារាំងដល់ការស៊ើបអង្កេត​របស់ FBI ទៅលើសំណុំរឿងរុស្ស៊ី។ មួយវិញទៀត បើតាម Washington Post ការស៊ើបអង្កេត​លើការបង្កឧសគ្គ​ដល់ការស្វែងរកយុត្តិធម៌ ពីសំណាក់ប្រធានាធិបតី​អាមេរិករូបនេះ ត្រូវបានចាប់ផ្ដើមឡើង​តាំងតែពី លោក Comey ត្រូវបានបណ្ដេញ​ចេញពី​តំណែង​កាលពីថ្ងៃទី០៩ ខែឧសភា​មកម្ល៉េះ៕