(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ករណីបាញ់ប្រហារគ្នាដ៏កក្រើកមួយ បានកើតមានឡើងនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៃរដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិក បានបណ្តាលឲ្យមនុស្ស ០៤នាក់ស្លាប់ ក្នុងចំណោមមនុស្សសរុប ០៦នាក់ ដែលបានទទួលរងគ្រាប់កាំភ្លើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។

មេបញ្ជាការរងប៉ូលិស​ប្រចាំទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ លោក Toney Chaplin បានប្រាប់អ្នក​សារព័ត៌មាននានា​ថា «កងកម្លាំងប៉ូលិស បានស្ថិតនៅហ្នឹងកន្លែងកើតហេតុ ដើម្បីតតាំងជាមួយនឹងខ្មាន់កាំភ្លើងម្នាក់ ដែលក្រោយមក​បានយកកាំភ្លុងក្បាល​ខ្លួនឯង រួចក៏បាញ់សម្លាប់ខ្លួនឯងតែម្តង»។ ប៉ូលិសបានរក​ឃើញកាំភ្លើងខ្លី​ចំនួនពីរដើម នៅហ្នឹងកន្លែងកើតហេតុ ដែលជា​កម្មសិទ្ធិរបស់ជនបង្ក ជាអ្នករស់នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូផ្ទាល់តែម្តង មានឈ្មោះថា Jimmy Lam។

ទីភ្នាក់ងារប៉ូលិសបានអះអាងថា កងកម្លាំងរបស់ខ្លួន​មិនធ្វើការបាញ់បោះណាមួយ នៅក្នុងហេតុការណ៍​ខាងលើនេះឡើយ ប៉ុន្តែសារព័ត៌មានមួយ​ក្នុងតំបន់បានចេញផ្សាយថា សាក្សីនៅកន្លែងកើត​ហេតុ បានឃើញខ្មាន់កាំភ្លើងម្នាក់ ធ្វើការបាញ់ប្រហារទៅលើជនរងគ្រោះនានា ដូចជាការប្រហារជីវិតពួកគេ​ដូច្នោះឯង ហើយបុគ្គលឈ្មោះ Lam ដែលជាជនបង្កនោះ គឺត្រូវបានដឹងថា ធ្លាប់មានជំងឺផ្លូវចិត្ត។

គួរបញ្ជាក់ថា ការបាញ់ប្រហារនេះដែរ ត្រូវបានធ្វើឡើងនៅរោងចក្រមួយកន្លែងក្នុងតំបន់ Portero Hill នៃឆ្នេរភាគខាងលិចអាមេរិក ដែលមានមនុស្សបម្រើការងារ ៨៥០នាក់។ សម្រាប់ហេតុការណ៍បាញ់ប្រហារ​ដែលបង្កមនុស្សស្លាប់ ០៤នាក់ និងរបួស ០២នាក់ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតជាបន្តទៀត៕