(វ៉ាស៊ីនតោន)៖ ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទស្សនកិច្ច​ដ៏ភ្ញាក់ផ្អើលមួយ​ទៅកាន់មន្ទីរពេទ្យ ដែលអ្នកតំណាងរាស្ត្រ​មកពីគណបក្ស​សាធារណៈរដ្ឋ លោក Whip Steve Scalise កំពុងសម្រាក​ព្យាបាល ក្រោមស្ថានភាព​របួសធ្ងន់ធ្ងរ បន្ទាប់ពីលោក និងមនុស្សជាច្រើននាក់​ទៀត ត្រូវបានខ្មាន់កាំភ្លើងម្នាក់​បាញ់ប្រហារ នៅពេលហ្វឹកហាត់​លេងបាល់ Baseball​ នៅទីក្រុង Alexandria នៃរដ្ឋ Virginia កាលពីព្រឹកថ្ងៃពុធ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧។

លោក ដូណាល់ ត្រាំ បានទៅដល់មន្ទីរពេទ្យ Medstar Washington Hospital នៅម៉ោង ៨៖៤៥នាទីយប់ (ម៉ោងនៅក្នុង​ទីក្រុងវ៉ាស៊ីនតោន)។ ដោយឡែកភា្លមៗ​ក្រោយ លោក Steve ត្រូវបានខ្មាន់កាំភ្លើង​ឈ្មោះ James Hodgkinson បាញ់ប្រហារ លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «យើងអាច​មានភាពខុសគ្នា​ខាងទស្សនៈនយោបាយ ប៉ុន្តែយើង បានធ្វើយ៉ាងល្អក្នុង​ពេលនេះ ហើយយើងត្រូវចងចាំថា អ្នកទាំងអស់គ្នាដែលបម្រើការសម្រាប់ប្រជាជាតិរបស់យើង គឺដោយសារតែពួកគេស្រឡាញ់ប្រទេសរបស់យើង។ ជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិក​រូបនេះ ក៏បានបញ្ជាក់ដែរថា ខ្មាន់កាំភ្លើងបានស្លាប់​បាត់បង់ជីវិតហើយ ក្រោយរងរបួស​នៅក្នុងការបាញ់តបត​ជាមួយប៉ូលិស។  

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វ​ផ្សាយអាមេរិក បុរសជា​ខ្មាន់កាំភ្លើង James Hodgkinson មានអាយុ ៦៦ឆ្នាំ មកពីទីក្រុង Belleville នៃរដ្ឋ Illinois គឺជាមនុស្សម្នាក់​ ដែលប្រឆាំងនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ រួមទំាងក្រុមអ្នកសាធារណរដ្ឋ និងជាអ្នកគាំទ្រអតីតបេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោក Bernie Sander៕