(ឡុងដ៍)៖ មនុស្សមួយចំនួនបានស្លាប់ បន្ទាប់ពីគ្រោះអគ្គីភ័យដ៏ធំមួយ បានឆាបឆេះអគារកម្ពស់២៤ជាន់មួយកន្លែង នៅភាគខាងលិច​ទីក្រុង​ឡុង​ដ៍​នៃចក្រភពអង់គ្លេស ហើយជាច្រើននាក់ផ្សេងនាក់កំពុងបន្តបាត់ខ្លួន ខណៈមានសេចក្តីរាយការណ៍ពីសាក្សី នៅហ្នឹងកន្លែងកើតហេតុថា មានមនុស្ស​ជាប់​នៅក្នុងលំនៅឋានរបស់ពួកគេ ក្នុងអគារខុនដូ ជាពិសេសអ្នកដែលស្ថិត​នៅជាន់ខ្ពស់ៗខាងលើ។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌​​មាន Sky News នៅរសៀល​ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧។

អគារខាងលើនេះ​មាន​ឈ្មោះថា Grenfell Tower ស្ថិតនៅក្នុងសង្កាត់ North Kensington ភាគខាងលិច​ទីក្រុងឡុងដ៍ ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បានឆាបឆេះតាំងពីវេលាម៉ោង ១៖១៦នាទីយប់ថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ហើយក្រុមពន្លត់អគ្គីភ័យដល់ទៅ២៤០នាក់ បាន​​និង​កំពុងបន្តស្ថិត​នៅ​កន្លែង​កើត​ហេតុ ស្របពេលអណ្តាតភ្លើងស្ទើរតែរលត់ទាំងស្រុង។ ម៉្យាងវិញទៀត ប្រជាជន​ដែលរស់នៅក្បែរ​ខាងអគារកើតហេតុ ក៏ត្រូវ​បាន​ជម្លៀស​ចេញ​ផង​ដែរ ព្រោះភ័យ​ខ្លាចក្រែងអគារនោះដួលរលំ។

មនុស្សរហូតដល់ ៦០០នាក់ ត្រូវបានគេជឿជាក់ថា បានស្ថិតនៅក្នុងលំនៅឋានចំនួន១២០ខ្នង ដែលស្ថិតនៅក្នុងអគារកម្ពស់​២៤ជាន់នេះ នៅពេល​ដែលអគ្គីភ័យបានកើតឡើង។ មកទល់ពេលនេះ យ៉ាងហោចណាស់ ជនរងគ្រោះកើនដល់៥០នាក់ ដែលបានទទួលរងរបួស និងត្រូវបានបញ្ជូន​​ទៅកាន់មន្ទីរពេទ្យចំនួន០៥កន្លែងទូទាំងទីក្រុងឡុងដ៍ ហើយគេពុំទាន់ដឹងច្បាស់នៅឡើយទេថា តើមានមនុស្សប៉ុន្មាននាក់ ដែលមានសំណាង​អាចភៀសខ្លួនចេញពីអគារទៅកាន់ទីសុវត្ថិភាពបាននោះ។

ស្នងការពន្លត់អគ្គីភ័យនៃទីក្រុងឡុងដ៍លោកស្រី Dany Cotton បានបញ្ជាក់ឲ្យដឹងថា មានមនុស្សមួយចំនួន បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍​ ដែលពុំធ្លាប់បានកើតមានឡើងពីមុនមកនេះ ហើយលោកស្រី ក៏បានបន្តទៀតថា មូលហេតុនៃគ្រោះអគ្គីភ័យនេះ មិនទាន់ត្រូវដឹងច្បាស់នៅឡើយ​​ទេ​ ស្របពេលដែលការស៊ើបអង្កេតលើរឿងនេះ កំពុងធ្វើឡើង៕