(ឡុងដ៍)៖ ទីភ្នាក់ងារសង្រ្គោះបន្ទាន់នៃចក្រភពអង់គ្លេស បានឲ្យដឹងនៅមុននេះបន្តិចថា មនុស្សយ៉ាងហោចណាស់ចំនួន ៣០នាក់ បានរងរបួស​​និងកំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យ ស្របពេលដែលមកទល់ព្រឹកថ្ងៃពុធនេះ ​អគ្គីភ័យដ៏​សន្ធោ​សន្ធៅ ដែល​បាន​ឆាប​​ឆេះ​​អគារ​កម្ពស់​២៤ជាន់ (កាលពីដើមឡើយ​មានការផ្សាយថា ២៧ជាន់) មួយខ្នងសឹងតែ ១០០ភាគរយនោះ នៅក្នុងទីក្រុងឡុងដ៍ ​ចាប់តាំងពីវេលាយប់​រំលងអធាត្រ​ថ្ងៃពុធនេះ (ពេល​វេលា​ក្នុង​ទីក្រុង​ឡុងដ៍​) ​បានរលត់ស្ទើរ​ទាំងស្រុងហើយ ​នៅសល់តែផ្សែង​ហុយឡើងប៉ុណ្ណោះ ហើយអគារនោះក៏ពុំបាន​ដួលរលំដែរ បន្ទាប់​ពី​មាន​ការ​ខិត​ខំ​​ប្រឹងប្រែង​ចូលរួមពន្លត់​ពីកងកម្លាំងអគ្គីភ័យ​ជាង ២០០នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Telegraph នៅរសៀលថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧។

អគារខាងលើនេះមាន​ឈ្មោះថា Grenfell Tower ស្ថិតនៅក្នុងសង្កាត់ North Kensington ភាគខាងលិច​ទីក្រុងឡុងដ៍ ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បានឆាបឆេះនាវេលាម៉ោង ១៖១៦នាទីយប់ (ម៉ោងក្នុងតំបន់)។ ក្រុមពន្លត់អគ្គីភ័យមានគ្នាចំនួន ២៤០នាក់ បាន​​និង​កំពុងបន្តស្ថិត​នៅ​កន្លែង​កើត​ហេតុ ខណៈអណ្តាតភ្លើងស្ទើរតែរលត់ទាំងស្រុង ហើយប្រជាជន​នៅអគារក្បែរ​ខាងអគារកើតហេតុក៏ ត្រូវ​បាន​ជម្លៀស​ចេញ​ផង​ដែរ ព្រោះភ័យ​ខ្លាចក្រែងអគារនោះដួលរលំ។

យ៉ាងណាមិញ អាជ្ញាធរនៅតំបន់កើតហេតុ បានឲ្យដឹងទៀតថា មនុស្សរាប់រយនាក់ ច្បាស់ជាមានវត្តមាន នៅក្នុងអគារខាងលើនេះ នៅ​ពេល​ដែល​គ្រោះអគ្គីភ័យបានកើតឡើង។ ម៉្យាងវិញទៀត សាក្សីនៅហ្នឹងកន្លែងកើតហេតុ ក៏បានបញ្ជាក់ដែរថា មានមនុស្សស្រែកឲ្យជួយ ខណៈ​អណ្តាតភ្លើងបានឆាបឆេះអគារនោះ ដែលមានផ្ទុកលំនៅឋានចំនួន១២០ខ្នង ហើយអ្នកស្នាក់នៅមួយចំនួនទៀត ត្រូវបានគេប្រទះ​ឃើញថា បាន​ប្រើប្រាស់​កម្រាលពូក ដើម្បីភៀសខ្លួនចេញពី​អគារកម្ពស់២៤ជាន់នេះ។

គួរបញ្ជាក់ថា ពុំទាន់មានសេចក្តីការណ៍ណាមួយ បង្ហាញពីចំនួនមនុស្សបាត់បង់ជីវិត នៅក្នុងហេតុការណ៍នេះនៅឡើយទេ ហើយក៏ពុំទាន់មាន​ការអះអាងពីអាជ្ញាធរអង់គ្លេស ថាតើពិតជាមនុស្សជាប់នៅក្នុងអគារខាងលើដែរ ឬយ៉ាងណានោះដែរ។ ដោយឡែកសម្រាប់មូលហេតុ ដែលបានបណ្តាលឲ្យកើត​គ្រោះអគ្គីភ័យដ៏កក្រើកនេះ ក៏មិនទាន់មានការបញ្ជាក់នោះដែរ៕