(ប៉េកាំង)៖ មនុស្សយ៉ាង​ហោចណាស់ ១០០,០០០នាក់​​ ត្រូវបានជម្លៀស​ទៅកាន់ទីទួលមាន​សុវត្ថិភាព នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រោយភ្លៀងនៅតែ​បន្តធ្លាក់យ៉ាងខ្លំាង​នៅក្នុងទីក្រុង Shenzhen បន្ទាប់ពី​ព្យុះទីហ្វុង Merbok ដែលជាព្យុះ​ទីហ្វុងទី០២​នៅក្នុងឆ្នាំនេះ​ បានបង្កជាគ្រោះរអិលបាក់​នៅក្នុងទីក្រុង​នៃភាគខាងត្បូង​ប្រទេសចិន​ កាលពីយប់ថ្ងៃចន្ទ។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧។

គិតត្រឹមព្រឹកថ្ងៃចន្ទ ដល់ព្រឹកថ្ងៃពុធ កម្ពស់ទឹកភ្លៀងបាន​ហក់ឡើង ៨១មីលីម៉ែត្រ និង២១៩មីលីម៉ែត្រ នៅតាមតំបន់មួយចំនួន ដែលទទួលរងឥទ្ធិពល​ពីព្យុះទីហ្វុងនេះ។ ចំណែកឯទូកនេសាទ ២១៩៨គ្រឿង បានត្រឡប់ចូល​កំពង់ផែវិញ រួមជាមួយជើងហោះហើរជាង ២៣០​ នៅទីក្រុង Shenzhen ត្រូវបានលុបចោល។ ប៉ុន្តែទន្ទឹមគ្នានេះ ខាងអាជ្ញាធរនៅមិនទាន់បានបញ្ជាក់ពីទំហំ​នៃការបំផ្លិចបំផ្លាញ ឬជនរងគ្រោះនៅឡើយទេ។

គួរបញ្ជាក់ថា ព្យុះទីហ្វុង Merbok បានប្រែក្លាយ​ជាព្យុះត្រូពិច ក្រោយបានបង្កជា​គ្រោះរអិលបាក់ដី និងបក់បោកក្នុង​ល្បឿនខ្យល់ ២៣ម៉ែត្រក្នុង​មួយវិនាទី៕