(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson បានឲ្យដឹងថា និសិត្សអាមេរិកម្នាក់មានឈ្មោះថា Otto Warmbier ដែល​ត្រូវ​បាន​​កូរ៉េខាងជើងកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ កាលពីឆ្នាំមុននោះ នៅទីបំផុតត្រូវបានដោះលែងឲ្យមាន សេរីភាពវិញហើយ។ នេះ​បើ​តាមការចេញផ្សាយ​ដោយសារព័ត៌មាន BBC នៅយប់ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។

លោក Rex Tillerson បានថ្លែងថាលោក Warmbier កំពុងនៅតាមផ្លូវធ្វើដំណើរវិលត្រឡប់មកកាន់សហរដ្ឋអាមេរិក ដើម្បីជួបជុំបងប្អូន ក្រុមគ្រួសារ​សាច់ញាតិរបស់លោកវិញហើយ។ លោក Tillerson បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងការបរទេសអាមេរិក បានធានាឲ្យមានការ​ដោះលែងលោក Warmbier ទៅតាមការបង្គាប់បញ្ជារបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តីការបរទេសអាមេរិក​ បានបន្ថែមថា ក្រសួងការបរទេស កំពុងតែបន្តជជែកពិភាក្សា ជាមួយកូរ៉េខាងជើង ពាក់ព័ន្ធនឹងជនជាតិ អាមេរិកចំនួនបីនាក់ផ្សេង ទៀតដែល​ត្រូវ​បានឃុំខ្លួននៅទីនោះ។

សូមជំរាបថាលោក Otto Warmbier វ័យ២២ឆ្នាំ គឺជានិសិ្សតមកពីសាកលវិទ្យាល័យ Virginia របស់សហរដ្ឋអាមេរិក ហើយរូបលោក ត្រូវបាន​គេ​ចាប់ខ្លួននិងកាត់ទោសដាក់ពន្ធនាគារនៅកូរ៉េខាងជើង កាលពីខែមីនា ឆ្នាំ២០១៦កន្លងទៅ ក្រោមបទចោទប្រកាន់ថាបាន ប្រព្រឹត្តឧក្រិដ្ឋកម្ម​ប្រឆាំង​នឹងរដ្ឋអំណាច៕​