(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងជួបជាមួយប្រធានាធិបតីថ្មី របស់ប្រទេសកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ដើម្បី​ពិភាក្សាទល់មុខគ្នាជាលើកដំបូងលើបញ្ហាសំខាន់ៗជាច្រើន ​នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ពីរថ្ងៃរបស់លោក មូន ចាប់​ពី​ថ្ងៃ​ទី​២៩​ដល់​ទី​៣០ ខែ​មិថុនា​ខាង​មុខ​នេះ នៅ​​ឯ​​សេត​​វិមាន ក្នុង​រដ្ឋ​​ធានីវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅ​យប់​ថ្ងៃ​អង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។

សេតវិមានអាមេរិក នាថ្ងៃអង្គារនេះ បានចេញសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា «ប្រធានាធិបតីលោក ដូណាល់ ត្រាំ រួមជាមួយ ប្រធានាធិបតី​លោក មូន ជែអ៊ីន នឹងជួបជជែកពិភាក្សាគ្នា អំពីវិធីសាស្រ្តនានា ដើម្បីបន្តពង្រឹងសម្ព័ន្ធភាពដ៏ជិតស្និទ្ធរឹងមាំ អាមេរិក-កូរ៉េខាងត្បូង ក៏​ដូច​ជា​បង្កើន​កិច្ច​សហប្រតិបត្តិការលើបញ្ហាសេដ្ឋកិច្ចនិងសកល»

ជាចុងក្រោយសេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា «មេដឹកនាំទាំងពីរ ក៏នឹងធ្វើការពិភាក្សាលម្អិតទៅលើបញ្ហានានា ពាក់ព័ន្ធនឹង ប្រទេស​កូរ៉េខាងជើងផងដែរ រួមមានការចាត់វិធានការតបត និងទប់ស្កាត់ការគំរាមកំហែង ដែលកំពុងតែកើនឡើងដោយសារ កម្មវិធីមីស៊ីលផ្លោង​និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង»