(កៀវ)៖ អំពើហិង្សានិងជម្លោះប្រដាប់អាវុធ នៅក្នុងតំបន់ Donbass ភាគខាងកើតប្រទេសអុយក្រែន បានផ្តាច់យកអាយុជីវិត មនុស្សដល់​ទៅ​ជាង​​១០,០០០នាក់ និងបានបន្សល់ទុកជិត២៤,០០០នាក់ផ្សេងទៀតទទួលរងរបួស រួមទាំងបានបង្ខំឲ្យប្រជាជន មិនតិចជាង​១.៦​លាន​នាក់ឡើយ ភៀស​ខ្លួន​​ចេញ​ពី​លំ​នៅ​ឋាន​របស់​​ពួក​​គេ គិត​​ចាប់​តាំង​​​តែ​​​ពី​​​វិបត្តិ​​សង្រ្គាម​​ស៊ី​វិល​​នេះ បាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ២០១៤​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ការិ​យា​ល័យ នៃ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ ដក​ស្រង់​ដោយ​សារ​ព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។

របាយការណ៍ដែលចេញផ្សាយនាថ្ងៃអង្គារនេះ បានបញ្ជាក់ដូច្នេះថា «រាប់ចាប់តាំងពីពេលចាប់ផ្តើមនៃជម្លោះប្រដាប់អាវុធនេះ កាលពីពាក់​កណ្តាលខែមេសា ឆ្នាំ២០១៤មក រហូលដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ មនុស្សយ៉ាងតិច១០,០៩០នាក់ រួមមានទាំងជនស៊ីវិលស្លូតត្រង់​ចំនួន២,៧៧៧នាក់ បានបាត់បង់ជីវិត និងយ៉ាងតិច២៣,៩៦៦នាក់បានរងរបួស ហើយជាង១.៦លាននាក់ទៀត បានបង្ខំចិត្តភៀសខ្លួន ខណៈ​តួលេខជាក់ស្តែងពិតប្រាកដ ទំនងជាខ្ពស់ជាងនេះទៅទៀត»

គួរបញ្ជាក់ថា អ៊ុយក្រែន បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយ នៅតំបន់ភាគកើតប្រទេស បន្ទាប់បណ្តាប្រជាពលរដ្ឋ នៅក្នុងតំបន់បាន​បដិសេធ មិនទទួលស្គាល់រដ្ឋាភិបាលថ្មី ដែលបានឡើងកាន់អំណាច។ យ៉ាងណាមិញ កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ ក្រោយមកក៏ត្រូវសម្រេចបាន​នៅក្នុងទីក្រុង Minsk កាលពីឆ្នាំ២០១៥ ដោយមេដឹកនៃក្រុម Normandy Four ដែលរួមមានបារាំង, អាល្លឺម៉ង់, រុស្ស៊ី, និងអ៊ុយក្រែន ប៉ុន្តែទោះបី​ជាមានកិច្ចព្រមព្រៀងនេះក៏ដោយ ស្ថានការណ៍នៅភាគខាងកើតអ៊ុយក្រែន នៅតែបន្តមានភាពតានតឹងដដែលមកទល់សព្វថ្ងៃនេះ៕