(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះមាន អ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖

១៖ អាជ្ញាធរបង់ក្លាដែស បានឱ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោចណាស់៤៥នាក់ បានស្លាប់ដោយសារតែគ្រោះរអិលបាក់ដី ​ដែលបង្កឡើងដោយភ្លៀងខ្លាំង នៅក្នុង ស្រុក​ចំនួន០៣ ស្ថិតនៅ​ភាគអាគ្នេយ៍នៃប្រទេស គិតចាប់តាំងពីថ្ងៃចន្ទមក៕

២៖ កូរ៉េខាងត្បូង បានប្រទះឃើញយន្តហោះដ្រូន (Drone) ធុនតូចមួយគ្រឿងរបស់កូរ៉េខាងជើង បំពាក់មកជាមួយនូវ​កាមេរ៉ាចាប់រូបភាព ដែលបានធ្លាក់បន្ទាប់ពីវាបានហោះ ​ស៊ើបការណ៍ពីលើប្រព័ន្ធ​ខែល​ការពារមីស៊ីល​អាមេរិក THAAD ដែលកំពុងដំណើរ​ការនៅក្នុងទឹកដី​​កូរ៉េ​ខាងត្បូង៕

៣៖ សហរដ្ឋអាមេរិក​ បានថ្កោលទោសយ៉ាងខ្លាំង​ចំពោះការបង្រ្កាប​របស់អាជ្ញាធររុស្ស៊ី ​ទៅលើក្រុមបាតុករ​​ប្រឆាំងនឹងអំពើពុករលួយ​កាលពី​ថ្ងៃចន្ទ និងអំពាវនាវឱ្យទីក្រុងម៉ូស្គូ ដោះលែងអ្នតតវ៉ា​ដោយសន្តិវិធី​ ដែលត្រូវបានឃុំខ្លួន​នៅទូទាំងប្រទេស។ នៅក្នុងបាតុកម្មតវ៉ានោះដែរ អាជ្ញាធរុស្ស៊ី បានចាប់ក្រុមអ្នកតវ៉ា ៨២៥នាក់ ខណៈមេដឹកនាំបក្សប្រឆាំង លោក Alexei Navalny ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ៣០ថ្ងៃ ក្រោមបទចោទប្រកាន់ថាបានប្រមូលផ្ដុំការធ្វើបាតុកម្មតវ៉ាដោយខុសច្បាប់៕

៤៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចង្អុលមុខសហរដ្ឋអាមេរិកចំៗតែម្ដងថាជាអ្នកគាំទ្រ​ក្រុមភេរវករ​នៅឯសាធារណៈរដ្ឋ Chechnya ដែនដីរុស្ស៊ីតាមរយៈការ ផ្ដល់ហិរញ្ញ​វុត្ថុ និងជំនួយ​ផ្នែកនយោបាយ ស្របពេលកងកម្លាំងរុស្ស៊ី បាននិងកំពុងដឹកនាំ​ប្រតិបត្តិការប្រយុទ្ធប្រឆាំង​នឹងពួកភេរវករ​នៅក្នុងតំបន់មួយនេះ។ ប៉ុន្តែនេះមិនមែនជា រឿងប្លែក ឬក៏ជាលើកទី០១ឡើយ ដែលលោកពូទីន ចោទសហរដ្ឋអាមេរិកដូច្នេះ៕

៥៖ យោធាហ្វីលីពីន បានចេញមុខច្រានចោលព័ត៌មានបំប៉ោង របស់ក្រុមឧទ្ទាមគាំទ្រ ISIS ដែលថាពួកគេកំពុងគ្រប់គ្រងទីក្រុង Marawi ដល់ទៅពីរភាគបី ដោយអះអាងថា ពួកឧទ្ទាម​ទាំង​នោះអាចគ្រប់គ្រងបានតំបន់នានាត្រឹមតែ ២០ភាគរយប៉ុណ្ណោះ៕

៦៖ សហរដ្ឋអាមេរិក​ ជាថ្មីម្ដងទៀត នៅតែអះអាងថាខ្លួននឹងប្រើប្រាស់ជម្រើស​គ្រប់បែបយ៉ាង ដើម្បីជាការឆ្លើយតប​ចំពោះការធ្វើតេស្ត​គំរាមកំហែង នៃអាវុធមីស៊ីលផ្លោង​​អន្តរទ្វីប (ICBM) ណាមួយនា​ពេលអនាគត។ ការអះអាងបែបនេះ ធ្វើឡើងនៅចំពេលដែលយោធាអាមេរិក រំពឹងថាកូរ៉េខាងជើង នឹងបាញ់សាកល្បងមីស៊ីល ICBM ជាលើកដំបូងនៅ ក្នុងឆ្នាំ២០១៧នេះ៕