(ដាកា)៖ អាជ្ញាធរបង់ក្លាដែស​បានរាយការណ៍ថា គ្រោះរអិលបាក់ដី​ដែលបង្កឡើងដោយ​ភ្លៀងខ្លាំង បានផ្ដាច់យកអាយុ​ជីវិតមនុស្សកើនដល់ ៤៥នាក់ហើយ (ក្នុងនោះ ០៧នាក់កងកម្លាំងសង្គ្រោះ) នៅក្នុងស្រុក​ចំនួន០៣ ស្ថិតនៅ​ភាគអាគ្នេយ៍នៃប្រទេស។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ិនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមមន្ត្រី​បង់ក្លាដែស​ម្នាក់នៃស្រុក Chittagong ដោយសារតែ​ទទួលរងសម្ពាធ​ទាប នៅឯតំបន់ឆ្នេរ Bengal វាបានបង្កឱ្យ​មានភ្លៀងធ្លាក់​យ៉ាងខ្លំាង ព្រមទាំងគ្រោះរអិលបាក់ដី ដែល​បានសម្លាប់មនុស្ស​យ៉ាងហោចណាស់ ៤៥នាក់ នៅក្នុងស្រុក​ចំនួន​០៣ មានស្រុក Chittagong, Cox's Bazaar និងស្រុក Bandarban គិតចាប់តាំងពី​ថ្ងៃចន្ទ​ម្សិលមិញមក។ មន្ត្រីរូបនេះ​ដដែល នៅក្នុងលក្ខខណ្ឌ​មិនបញ្ចេញ​អត្តសញ្ញាណ បានបញ្ជាក់ទៀតថា កងកម្លាំងយោធា​ ប៉ូលិស និងភ្នាក់ងារពន្លត់​អគិ្គភ័យនៅព្រឹកថ្ងៃអង្គារនេះ បាន​ចូលរួមក្នុងប្រតិបត្តិការ​ជួយសង្រ្គោះ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរ​ឧតុនិយម​បង់ក្លាដែស កម្ពស់ទឹកនៅតាម​តំបន់ស្ថិតនៅជិតដងទន្លេ ដូច្នេះហើយ​ទើបពួកគេ អំពាវនាវឱ្យប្រជាជន​របស់ខ្លួន​មានការប្រុងប្រយ័ត្តខ្ពស់ ខណៈរដ្ឋធានីដាកា និងស្រុក ​Chittagone ត្រូវបានទឹកជន់លិច៕