(តេហេរ៉ង់)៖ ប្រមុខដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន​កំពុងតែភូតកុហក​បោកប្រាស អំពីយុទ្ធ​នា​ការ​ប្រយុទ្ធប្រឆាំងនឹង​អំពើភេរវកម្ម នៅតំបន់​មជ្ឈិមបូព៌ា ហើយផ្ទុយទៅវិញ​សកម្មភាពរបស់​សហរដ្ឋអាមេរិក​នៅក្នុងតំបន់នេះ បែរជាបានធ្វើឲ្យ​ក្រុមភេរវករ ISIS មានឥទ្ធិពល​កាន់តែខ្លាំងឡើងៗ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងនៅចំពោះមុខ​បណ្តាមន្រ្តីរដ្ឋាភិបាល​អ៊ីរ៉ង់​នាពេលថ្មីៗនេះ មេដឹកនាំកំពូលរូបនេះ ត្រូវបានគេស្គាល់​ច្បាស់អំពីការ​ប្រើប្រាស់វោហាស័ព្ទ​ធ្ងន់ៗ​ ឥតបញ្ឆិតបញ្ឆៀងប្រឆាំង​អាមេរិកនោះ បានលើក​ឡើងថា «សហរដ្ឋអាមេរិក និងបណ្តាភ្នាក់ងារ​របស់អ្នក គឺប្រភពនៃ​អស្ថិរភាព នៅក្នុងតំបន់​​មជ្ឈិមបូព៌ា... តើអ្នកណាបាន​បង្កើតក្រុមភេរវករ ISIS? គឺអាមេរិកហ្នឹងឯង! ហើយការអះអាង​របស់អាមេរិក ស្តីពីប្រតិបត្តិការ​អន្តរជាតិ ប្រឆាំង​នឹង​ក្រុម ISIS គឺជារឿងភូតកុហក​បោកប្រាសសុទ្ធសាធ»

ម៉្យាងវិញទៀត លោក Khamenei បានបន្ថែមទៀតថា វាស្ទើរតែគ្មានផ្លូវនោះឡើយ​សម្រាប់ធ្វើឲ្យ​ប្រសើរឡើង នូវទំនាក់ទំនង​រវាងអ៊ីរ៉ង់ និងអាមេរិក ដោយលោក​បានបញ្ជាក់ថា «អាមេរិកគឺជា​ប្រទេសភេរវករ និងជាប្រទេសគាំទ្រ​អំពើភេរវកម្ម ដូច្នេះហើយ​យើងមិនអាចធ្វើ​ឲ្យមានប្រក្រតីភាពឡើង​វិញ នូវចំណងទាក់ទង ជាមួយប្រទេស​បែបនេះជាដាច់ខាត»

គួរបញ្ជាក់ថា ទំនាក់ទំនង​រវាងទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ បានជួបប្រទះ​ភាពល្អក់កករខ្លាំងទៅៗ ជាពិសេសគឺនា​ពេលថ្មីៗនេះ បន្ទាប់ពីមានការ​ចោទប្រកាន់ដោយមន្រ្តីជាន់ខ្ពស់​អ៊ីរ៉ង់ជាច្រើន ដែលថា សហរដ្ឋអាមេរិក​បានចងសម្ព័ន្ធមិត្តជា​មួយក្រុម ISIS ស្របពេលដែល​​រដ្ឋាភិបាលទីក្រុង​វ៉ាស៊ីនតោន បានចោទ​ទៅវិញថា តាមពិតអ៊ីរ៉ង់​ទៅវិញទេគឺជារដ្ឋគាំទ្រ​ភេរវកម្ម៕