(កាត្មាន់ឌូ)៖ ងាកចេញពីជម្លោះការទូត ដែលបណ្តាលឲ្យប្រទេសអារ៉ាប់ជាច្រើន ផ្តាច់ទំនាក់ទំនងការទូត​ជាមួយ​នឹងប្រទេសកាតានោះ ក៏មានរឿងល្អកើតឡើងផងដែរនៅដើមសប្តាហ៍នេះ ដោយប្រទេសចំនួនពីរគូ គឺ ចិន-ប៉ាណាម៉ា និង​នេប៉ាល់-អ៊ូហ្គង់ដា បានបង្កើតទំនាក់ទំនង​ការទូតជាផ្លូវការហើយ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀល​ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមប្រភព​ព័ត៌មានដដែល អ្នកតំណាងអចិន្រ្តៃយ៍​នេប៉ាល់ប្រចាំអង្គការ​សហប្រជាជាតិ (UN) លោក Durga Prasad Bhattarai និងអ្នក​តំណាង​អចិន្ត្រៃយ៍អ៊ូហ្គង់ដាប្រចាំ UN លោក Adonia Ayebare បានចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​រួម​ ស្តីពី​ការ​បង្កើត​ទំនាក់​ទំនង​​ការទូត​ រវាង​ប្រទេសទាំងពីរ នៅក្នុងពិធីដ៏ខ្លីមួយ​នៅឯទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។

នាឱកាសនោះឯក​អគ្គរដ្ឋទូតទាំងពីរ ក៏បានបង្ហាញពីជំនឿជឿជាក់​​យ៉ាងមុតមាំរៀងៗខ្លូនថា ការចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងនេះ នឹងធ្វើឲ្យនេប៉ាល់ និងអ៊ូហ្គង់ដា កាន់តែជិតស្និទ្ធ​ជាងមុន ក៏ដូចជាជួយពង្រឹង​​​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រួមទាំងចែករំលែក​បទពិសោធន៍ នៅក្នុងការអភិវឌ្ឍ និងរក្សាសន្តិភាព​នៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា អ៊ូហ្គង់ដា គឺជាប្រទេស​ដែលស្ថិតនៅតំបន់អាហ្រ្វិក​ខាងកើត ជាមួយចំនួន​ប្រជាជនប្រមាណ ៣៩លាននាក់ ខណៈនេប៉ាល់​ស្ថិតនៅ​តំបន់អាស៊ីខាងត្បូង ជាមួយប្រជាជន​ចំនួនជាង ២៨លាននាក់ ហើយគិតមក​ទល់ពេលនេះនេប៉ាល់ បានបង្កើតទំនាក់​ទំនងការទូតជា​មួយបណ្តា​ប្រទេស​ជុំវិញពិភពលោក កើនដល់ចំនួន​១៤៥ប្រទេសហើយ ដោយរាប់បញ្ចូល​ទាំងអ៊ូហ្គង់ដា៕