(សេអ៊ូល)៖ កូរ៉េខាងត្បូងបានប្រទះឃើញយន្តហោះដ្រូន (Drone) ធុនតូចមួយគ្រឿងរបស់កូរ៉េខាងជើង បំពាក់មកជាមួយនូវ​កាមេរ៉ាចាប់រូបភាព ដែលបានធ្លាក់​បន្ទាប់ពីវាបានហោះហើរ​ស៊ើបការណ៍ លើប្រព័ន្ធ​ខែល​ការពារមីស៊ីល​អាមេរិក THADD ដែលកំពុងដំណើរ​ការនៅក្នុងទឹកដី​​កូរ៉េ​ខាងត្បូង។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀល​ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។

យន្តហោះ Drone នោះ ត្រូវបានយោធា​កូរ៉េខាងត្បូង ធ្វើការវិភាគនិង​ត្រួតពិនិត្យឃើញថា ពិតជាបាន​ថតយករូបភាព​មួយចំនួន នៃទីតាំង​តំឡើង​​ប្រព័ន្ធ THAAD ប្រាកដមែន។ មន្រ្តីការពារជាតិ​កូរ៉េខាងត្បូងម្នាក់បាន​ឲ្យដឹងដូច្នេះថា «វាត្រូវបានបញ្ជាក់ថា យន្តហោះ Drone ស៊ើបការណ៍នេះ​ បានលួចចាប់​យករូបភាពមួយចំនួន ពីទីតាំងរបស់ប្រព័ន្ធ THAAD នៅស្រុក Seongju ក្នុងខេត្ត Gyeongsang ខាងជើង»

គួរបញ្ជាក់ថា ចម្ងាយរវាងព្រំដែន​កូរ៉េខាងជើង និងទីតាំងដាក់តំឡើងប្រព័ន្ធខែល THAAD គឺប្រមាណ ២៧០គីឡូម៉ែត្រ៕