(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចង្អុលមុខសហរដ្ឋអាមេរិកចំៗតែម្ដងថា បានគាំទ្រ​ក្រុមភេរវករ​នៅឯសាធារណៈរដ្ឋ Chechnya ដែនដីរុស្ស៊ី តាមរយៈការផ្ដល់ហិរញ្ញ​វុត្ថុ និងជំនួយ​ផ្នែកនយោបាយ ខណៈកងកម្លាំងរុស្ស៊ី បាននិងកំពុងដឹកនាំ​ប្រតិបត្តិការប្រយុទ្ធប្រឆាំង​ នឹងពួកភេរវករ​នៅក្នុងតំបន់មួយនេះ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។

ការថ្លែងបែបនេះរបស់ លោក ពូទីន ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍​ទូរទស្សន៍​អាមេរិក US TV channel Showtime កាលពីថ្ងៃចន្ទ។ នាឱកាសនោះដែរ លោក ពូទីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើសិន​ជាគេនិយាយពី​ការគាំទ្រ​ខាងនយោបាយ វាមិនចាំបាច់អី្វ​ត្រូវបង្ហាញភស្ដុតាង​ឡើយ ព្រោះវាបាន​បង្ហាញជាសាធារណៈ​រួចទៅ ហើយតាមរយៈ​សកម្មភាព​របស់សហរដ្ឋអាមេរិក ហើយបើគេ​និយាយពីការផ្ដល់​ជំនួយហិរញ្ញវត្ថុវិញ នោះយើងមានភស្ដុតាង និងបានផ្ដល់វាទៅឱ្យមិត្តអាមេរិករបស់យើងផងដែរ... សង្រ្គាមត្រជាក់​បានបញ្ចប់ យើងមានទំនាក់ទំនង​ជាមួយពិភពលោក​ទំាងមូលជាមួយ អឺរ៉ុប​ សហរដ្ឋអាមេរិក ប៉ុន្តែមកទល់​ពេលនេះ យើងនៅតែមើល​ឃើញថា ទីភ្នាក់ងារ​សន្តិសុខអាមេរិក កំពុងធ្វើសកម្មភាព​គាំទ្រក្រុមភេរវករ»

ជាងនេះទៅទៀត​បុរសខ្លាំងនៃសហព័ន្ធរុស្ស៊ីរូបនេះ​បានន្ថែមថា លោកធ្លាប់បាន​ផ្ដល់ព័ត៌មានដល់​អតីត​ប្រធានាធិបតី​អាមេរិក លោក George Bush ទាក់ទិននឹង​ភស្ដុតាង រួមទាំងឈ្មោះ​មន្ត្រីសន្តិសុខអាមេរិក​ជាច្រើននាក់ ដែលបានគាំទ្រ​ដល់ក្រុមភេរវករ​នៅក្នុង​សាធារណៈរដ្ឋ Chechnya។

គួរបញ្ជាក់ថា លោក វ្ល៉ាឌីមៀ ពូទីន ក៏បានចោទ​ប្រកាន់ផងដែរថា ទីក្រុងវ៉ាស៊ីនតោន គឺជាអ្នកចូលរួម​ចំណែកបង្កើតក្រុម​អង្គការភេរវករ​អាល់កៃដា និងជាអ្នកទទួល​ខុសត្រូវលើ ស្ថានភាពពិភពលោក​បច្ចុប្បន្ន។ «ក្រុមអាល់កៃដា មិនមែនកើត​ចេញពីសកម្មភាព​របស់យើងនោះទេ តែវាកើតចេញ​ពីសកម្មភាពនៃមិត្ត​សហរដ្ឋអាមេរិករបស់យើង។ នេះបើ​តាមសម្តីប្រធានាធិបតីរុស្ស៊ី៕