(វ៉ាស៊ីនតោន)៖ ពិធីករមួយរូបនៃកម្មវិធីរបស់ស្ថានីយទូរទស្សន៍ CNN ត្រូវបានថ្នាក់លើបញ្ឈប់ពីការងារហើយ បន្ទាប់ពីបាន​ប្រើ​ប្រាស់​ពាក្យ​ពេចន៍មិន​សម​រម្យជាខ្លាំង សំដៅទៅលើប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលជាមេដឹកកំពូលនៃប្រទេសមហាអំណាចពិភពលោក​មួយ​ទាំង​មូល។ នេះបើតាម​​ការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។

តាមរយៈសារមួយបង្ហោះនៅលើបណ្តាញសង្គម Twitter ក្នុងន័យឆ្លើយតបទៅនឹង ការព្យាយាមរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីទាមទារឲ្យមានការអនុវត្តន៍បំរាមហាមឃាត់ការធ្វើដំណើរ ទៅលើប្រជាជនមកពីបណ្តាប្រទេសអ៊ីស្លាមធំៗ ជុំវិញពិភពលោកឡើងវិញនោះ លោក Reza Aslan ដែលជាពលរដ្ឋអាមេរិកមានដើមកំណើតអ៊ីរ៉ង់ និងជាពិធីករនៃកម្មវិធីសាសនារបស់ CNN បានសរសេរសំដៅទៅលើលោក ត្រាំ ថាជា​មនុស្សកម្ទេចលាមក។

លោក Aslan បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «មនុស្សកម្ទេចលាមកនេះ គឺមិនត្រឹមជាការអាម៉ាស់មួយសម្រាប់ពលរដ្ឋក៏​ដូច​ជា សហ​រដ្ឋ​អាមេរិក ​និងជាស្នាមប្រលាក់ដែលជាប់ដិតដាមនៅលើ តំណែងប្រធានាធិបតីប៉ុណ្ណោះទេ តែថែមទាំងជាក្តីអាម៉ាស់ដ៏អាប់​ឱន​មួយសម្រាប់មនុស្សលោកយើងទាំងមូលទៀតផង»។ យ៉ាង​ណា​មិញ ភ្លាមៗក្រោយមក លោក Reza Aslan ក៏បានលុបសារនោះចោល​វិញ​ និងសូមអភ័យទោសចំពោះពាក្យសម្តី មិនសមរម្យទាំងប៉ុន្មានរបស់លោក ចំពោះលោក ត្រាំ ផងដែរ។

សូមជំរាបថា នៅមុនពេលផ្ញើសារផ្តល់ការគាំទ្រនិងចូលរួមរំលែកទុក្ខ ចំពោះករណីភេរវកម្មកាលពីថ្ងៃទី០៣ ខែមិថុនា នៅលើ​ស្ពាន London Bridge និងផ្សារ Borough Market ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់នោះ ​លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក បានឆ្លៀតឱកាស​​ប្រើប្រាស់​​សោក​នាដ​កម្មនេះ ដើម្បីលើកកម្ពស់គោលនយោបាយជនភៀសខ្លួនរបស់លោក៕