(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ យើងបានដកស្រង់ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗមួយចំនួន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ មានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រឈមមុខនឹងការរីកចំរើនទៅមុខនៃកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានសម្រេចិត្តតែងតំាងកំពូល អ្នកយុទ្ធសាស្ត្រយោធាកូរ៉េខាងត្បូងម្នាក់ គឺលោក សុង យ៉ាងមូ (Song Young moo​) រដ្ឋមន្ត្រីការពារជាតិថ្មីដើម្បីដឹកនាំ និងកែទម្រង់វិស័យយោធាកូរ៉េខាងត្បូង។ ក៏ប៉ុន្តែ ការតែងតាំងនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយក្រុមមន្ត្រីយោធាអាមេរិក រំពឹងថាទីក្រុងព្យុងយ៉ាង អាចនឹងបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ជាលើកដំបូង នៅក្នុងឆ្នាំ២០១៧នេះ៕

២៖ ហ្វីលីពីន នៅថ្ងៃចន្ទនេះបានប្រារព្ធខួបទី១១៩ឆ្នាំ នៃការទទួលបានឯករាជ្យពីប្រទេសអេស៉្បាញ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៨៩៨ ក្នុងទីក្រុងម៉ានីល ហើយដែលប្រារព្ធ ខួបនេះធ្វើឡើងនៅចំពេលយោធាហ្វីលីពីនកំពុងធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងបណ្តាញក្រុម ISIS នៅភាគខាងត្បូងប្រទេស។ បើតាមព័ត៌មានចុងក្រោយ យោធាសរុប៥៨នាក់ ហើយ​បានស្លាប់ និងជនស៊ីវិល២០នាក់​បាត់បង់ជីវិត នៅក្នុងសង្គ្រាម​កម្ទេចបណ្តាញក្រុមភេរវករ ISIS នៅក្នុងទីក្រុង Marawi៕

៣៖ អាជ្ញាធរ​អារ៉ាប៊ីសាអូឌីត បានទាត់ចោលការចុះផ្សាយរបស់សារព័ត៌មានកាតា ​ដែលអះអាងថា ទីក្រុងរីយ៉ាដ បានហាមមិនឱ្យ​ប្រជាជនកាតាចូលមកក្នុងវិហារ​អ៊ីស្លាម Grand Mosque ឬ Masjid al-Haram នៅក្នុង​ទីក្រុងមិចកា (Mecca) ដើម្បីបំពេញ​កាតព្វកិច្ចធ្វើធម្មយាត្រា​ប្រចាំឆ្នាំដ៏ធំ​របស់អ្នកកាន់សាសនាអ៊ីស្លាម។ ជាមួយនោះដែរ ទីក្រុងរីយ៉ាត បានបញ្ជាក់ទៀតថា ខ្លួនបានទទួលអ្នកធ្វើធម្មយាត្រាមកពីប្រទេសកាតា១៦៣៣នាក់ ហើយដែលពួកគេទាំងនេះសុទ្ធតែបានធ្វើធម្មយាត្រា អ៊ុរ៉ស់ (Umrah) ឬធម្មយាត្រាត្រៀម​មុន​ធម្មយាត្រាហាច់ ទៀតផង៕

៤៖ អង្គការ NASA គ្រោងនឹងកសាងស្ថានីយ៍អវកាសមួយទៀត នៅគន្លងគោចរជុំវិញឋានព្រះច័ន្ទ ដើម្បីធ្វើជាមន្ទីរពិសោធន៍វត្ថុអវកាស។ ស្ថានីយ៍អវកាសនេះទៀតសោតអាច នឹងប្រើប្រាស់ជា​ទី​សំ​ចត​មួយសម្រាប់គំរូតាង​ក្រៅភព ដែលត្រូវនាំយកមក​កាន់ផែនដី សម្រាប់ធ្វើការពិសោធន៍៕

៥៖ ព្រះគម្ពីបុរាណខ្មែរមានអាយុកាលជាង២០០ឆ្នាំ ត្រូវបានក្រុមអ្នកបកប្រែថៃ ប្រែសម្រួលទៅជាភាសាអ៊ីតាលីរួចរាល់ហើយ ដើម្បីទុកជាអំណោយសម្រាប់ថ្វាយសម្ដេចសង្ឃ កាតូលិក Pope Puis ទី១១ តាមការសន្យារបស់អតីតព្រះមហាក្សត្រថៃរាមាទី០៧ នៅអំឡុងពេលបំពេញព្រះរាជ​ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីតាលី កាលពីជាង ៣៨ឆ្នាំមុន។ គម្ពីបុរាណនេះ នៅត្រៀម​តែដាក់តាំងបង្ហាញ​នៅឯសារមន្ទីរវ៉ាទីកង់តែប៉ុណ្ណោះ។

៦៖ បន្ទាប់ពីបានបញ្ជូនយន្តហោះដឹកម្ហូបអាហារចំនួន០៥គ្រឿង ទៅកាន់ប្រទេសកាតា នៅទីបំផុតអ៊ីរ៉ង់ សម្រេចិត្តបញ្ជូនកងនាវាចម្បាំងរបស់ខ្លួន ទៅកាន់ប្រទេសអូម៉ង់ ដែល ស្ថិតជាប់​អារ៉ាបីសាអូឌីត, អេ​មី​រ៉ាត់​​អារ៉ាប់​រួម, និង​យេម៉ែន ស្របពេលដែល​ភាពតានតឹងនៃវិបត្តិការទូត​ក្នុងពិភពអារ៉ាប់ នៅតែបន្តក្តៅ​គគុកដដែល៕