(តូក្យូ)៖ លោក គីម ជុងណាំ ដែលជាបងប្រុសម្តាយទីទៃរបស់ មេដឹកនាំកំពូលប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះ មាន​ប្រាក់​សុទ្ធ​ចំនួន​​១២០,០០០ដុល្លារ នៅជាប់នឹងខ្លួនក្នុងថ្ងៃដែលរូបលោក ត្រូវបានគេលួចធ្វើឃាត ហើយលុយនោះត្រូវគេសង្ស័យថា ប្រហែល​ជា​លោក​ទទួលបាន​​ពី បណ្តាញស៊ើបការណ៍សម្ងាត់របស់អាមេរិក។ នេះបើតាមចេញសេចក្តីរាយការណ៍របស់សារព័ត៌មានជប៉ុន ដក​ស្រង់​ដោយ​សារ​ព័ត៌​មាន​​រុស្ស៊ី Sputnik នៅយប់ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។

កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ លោក គីម ជុងណាំ ស្របពេលកំពុងធ្វើដំណើរក្រោមឈ្មោះថា គីម ចុល ត្រូវបានគេលួចធ្វើឃាតនៅឯ​អាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅមុនពេលដែលរូបលោក ត្រូវឡើងយន្តហោះ ដើម្បីធ្វើដំណើរចាកចេញទៅ​កាន់ទីក្រុងម៉ាកាវ ប្រទេសចិន ជាទីដែលលោករស់នៅដោយការនិរទេសខ្លួន ជាមួយក្រុមគ្រួសាររបស់លោក។

សារព័ត៌មានជប៉ុន Asahi Shimbun ដោយយោងតាមប្រភពដែលខ្លួនទទួលបានពីភ្នាក់ងារស៊ើបអង្កេតម៉ាឡេស៊ី បានធ្វើសេចក្តីរាយការណ៍ថា​ អំឡុងពេលស្នាក់នៅប្រទេសម៉ាឡេស៊ី លោក គីម បានជួបជាមួយជនជាតិអាមេរិកម្នាក់ ដែលអាជ្ញាធរម៉ាឡេស៊ីជឿជាក់ថា ពិតជាមានទំនាក់ទំនងជិត​ស្និទ្ធជាមួយទីភ្នាក់ស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក។ យោងតាមប្រភពព័ត៌មានដដែល ក្រុមភ្នាក់ងារស៊ើបអង្កេតម៉ាឡេស៊ីបានសង្ស័យថា ជាថ្នូរនឹងលុយ ដែលត្រូវបានគេឃើញនៅជាប់ខ្លួនលោក ក្នុងថ្ងៃកើតហេតុនោះ លោក គីម ប្រហែលជាបានផ្តល់ព័ត៌មានជាសម្ងាត់ទៅឲ្យ​​បណ្តាញស៊ើបការណ៍របស់អាមេរិក។ សារព័ត៌មានដដែលបានបន្ថែមថា ការលួចទាក់ទងគ្នានេះ ទំនងជាបានបណ្តាលឲ្យទីក្រុងព្យុងយ៉ាង​សម្រេចចិត្ត ធ្វើឃាតលោក គីម ជុងណាំ ដើម្បីបំបិទមាត់តែម្តង។

សូមជំរាបថា ស្ត្រីជនសង្ស័យចំនួនពីរនាក់ ម្នាក់ជាជនជាតិឥណ្ឌូណេស៊ី និងម្នាក់ទៀតជាជនជាតិវៀតណាម ត្រូវបានចាប់ខ្លួននិងចោទប្រកាន់​​ពីបទប្រព្រឹត្តអំពើឃាតកម្មទៅលើលោក គីម ជុងណាំ ហើយកំពុងប្រឈមមុខនឹងទោសប្រហារជីវិត នៅក្នុងប្រទេសម៉ាឡេស៊ី ស្រប​ពេល​ដែល​អាជ្ញាធរ​ម៉ាឡេស៊ី ត្រូវគេរាយការណ៍ថា បាននិងកំពុងបន្តស្វែងរកចាប់ខ្លួនជនសង្ស័យ ជាជនជាតិកូរ៉េខាងជើង ចំនួន០៧​នាក់ផ្សេងទៀត៕