(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងនាពេលថ្មីៗនេះថា រូបលោកពុំបានព្យាយាមស្នើសុំជំនួយ ពីទីក្រុងវ៉ាស៊ីន​តោន​ ក្នុងការវាយកម្ទេចពួកឧទ្ទាម នៅទីក្រុង Marawi ភាគខាងត្បូងប្រទេសនោះឡើយ ដែលការបញ្ជាក់នេះ ត្រូវបានធ្វើឡើង បន្ទាប់​ពី​សហ​រដ្ឋ​អាមេ​រិក​បានឲ្យដឹងថា ពួកគេបាននិងកំពុងផ្តល់ការជួយជ្រោមជ្រែងដល់កងទ័ពហ្វីលីពីន ជាការឆ្លើយតបទៅតាមសំណើពីរដ្ឋាភិបាលទីក្រុងម៉ានីល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។

លោកប្រធានាធិបតីហ្វីលីពីនបានធ្វើការលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីក្រុង Cagayan de Oro ដែល​ស្ថិត​​នៅ​​ចម្ងាយ​​ប្រហែល​១០០​គីឡូ​ម៉ែត្រពីទីក្រុង Marawi នៅពេលដែលត្រូវបានចោទសួរពាក់ព័ន្ធនឹងការផ្តល់ជំនួយគាំទ្រពីអាមេរិក ចំពោះការប្រយុទ្ធ​ប្រឆាំងនឹងពួកសកម្មប្រយុទ្ធគាំទ្រ ISIS នៅក្រុងដែលនៅលើកោះ Mindanao នេះ។ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងដូច្នេះថា «ខ្ញុំមិនដែលបាន​ស្នើឲ្យអាមេរិកជួយឡើយ ហើយខ្ញុំក៏មិនបានដឹងអំពីរឿងនេះដែរ រហូតទាល់តែពួកគេបានមកដល់ទៅហើយ»។

យ៉ាងណាមិញ គេពុំទាន់បានដឹងច្បាស់ថាតើ យោធាហ្វីលីពីនដែលមានទំនោរគាំទ្រអាមេរិក បានធ្វើការស្នើសុំជំនួយពីអាមេរិក ដោយរំលងការ​សម្រេចចិត្តក៏ដូចជាការដឹង​លឺ​របស់លោក ឌូតឺតេ ដែរឬយ៉ាងណានៅឡើយទេ ហើយលោក ឌូតឺតេ ផ្ទាល់ក៏មិនបាននិយាយថា កងទ័ព​របស់​លោក​​បាន​ហ៊ាន​អារកាត់​សេចក្តី​ជំនួស​រូប​លោក​នោះ​ដែរ ក៏ប៉ុន្តែលោកបានគូសបញ្ជាក់ថា «ដោយសារធ្លាប់ទទួលបានការហ្វឹកហាត់ អស់ជាច្រើនឆ្នាំពីសហរដ្ឋ​អាមេរិក ទាហានរបស់យើងគឺមានទំនោរគាំទ្រអាមេរិក, រឿងនេះខ្ញុំពិតជាមិនអាចបដិសេធបាននោះទេ»។

ជាមួយគ្នានេះអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Ernesto Abella បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអាមេរិក មិនបាន​​ចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធគ្នានេះដោយផ្ទាល់ ដែលត្រូវបានច្បាប់នៃប្រទេសហ្វីលីពីនហាមឃាត់នោះឡើយ។ លោក Abella បាន បន្តថា «​ការប្រយុទ្ធប្រឆាំងនឹងអំពីភេរវកម្ម ផ្ទុយទៅវិញ មិនត្រឹមជាក្តីបារម្ភសម្រាប់ប្រទេសហ្វីលីពីន ឬមួយក៏សហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែថែមទាំង​ជាការព្រួយបារម្ភនៃបណ្តាប្រជាជាតិជាច្រើន ផ្សេងទៀតនៅជុំវិញពិភពលោក។ ដូច្នេះហើយហ្វីលីពីន ស្វាមគមន៍ជានិច្ចចំពោះជំនួយនិងការគាំទ្រ​នា​នា ពីបណ្តាប្រទេសដទៃ ប្រសិនបើពួកគេផ្តល់ឲ្យ»។

គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍ របស់ស្ថានទូតអាមេរិកប្រចាំរដ្ឋធានីម៉ានីល កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ កង​កម្លាំង​ប្រតិបត្តិការ​ពិសេស​សហរដ្ឋ​​អាមេរិក បាននិងកំពុងជួយដល់កងទ័ពហ្វីលីពីន ក្នុងការបញ្ចប់ជម្លោះប្រដាប់អាវុធ នៅទីក្រុង Marawi ហើយ​យោ​ធា​ហ្វី​លី​ពីន​បាន​បញ្ជាក់ថា​ កង​ទ័ពអាមេរិក បាននិងកំពុងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសតែប៉ុណ្ណោះ មិនបានចូលរួមប្រយុទ្ធផ្ទាល់នោះទេ។

សូមជំរាបផងដែរថា កិច្ចសហប្រតិបត្តិការយោធារវាងសម្ព័ន្ធមិត្តដ៏យូរអង្វែងទាំងពីរ នៅក្នុងសមរភូមិនេះ គឺជាស្ថានការណ៍វិវឌ្ឍន៍គួរឲ្យកត់​សម្គាល់មួយ ដោយសារតែលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបានឡើងកាន់អំណាចកាលពីមួយឆ្នាំមុន បានប្រកាន់ជំហរមិនរាក់ទាក់ នោះឡើយ​ចំពោះទីក្រុងវ៉ាស៊ីនតោន ហើយបានប្តេជ្ញាថានឹងធ្វើឲ្យយ៉ាងណា លុបបំបាត់ទាំងស្រុងនូវវត្តមាននៃយោធាអាមេរិក ចេញពីប្រទេសរបស់លោក៕