(មីយ៉ាន់ម៉ា)៖ គិតមកទល់យប់ថ្ងៃចន្ទនេះ​សាកសព​ជនរងគ្រោះ ​នៅក្នុង​ករណី​ធ្លាក់​យន្តហោះ​​យោធា​មួយ​គ្រឿង ​របស់​ប្រទេស​មី​យ៉ាន់ម៉ា​មានផ្ទុក​មនុស្ស​ចំនួន ​​១២២នាក់ ​នៅ​សមុទ្រ ​Andaman ​ភាគ​ខាងត្បូង ដែលត្រូវបានរកឃើញសរុប បានកើនដល់ចំនួន៨៣នាក់ហើយ ​ស្រប​ពេល​ដែល​ប្រតិបត្តិ​ការ​ជួយ​សង្រ្គោះ និង​រុករក​បាន​ឈាន​ចូល​ដល់​ថ្ងៃទី០៦ ​ហើយមនុស្ស៣៩ទៀតនៅតែបន្តបាត់ខ្លួន​ដដែល​។ ​នេះ​បើ​តាម​ការ​ឲ្យដឹងពីយោធាមីយ៉ាន់ម៉ា ដកស្រង់ដោយ​ទីភ្នាក់​ងារ​ព័ត៌​មាន Reuters ​នៅយប់ថ្ងៃចន្ទ ទី១២ ​ខែមិថុនា ​ឆ្នាំ២០១៧​។

ពិធី​បូជាសពជាបន្តបន្ទាប់ក៏ត្រូវ​បាន​រៀបចំឡើង​ផងដែរ នៅក្នុង​ទីក្រុង ​Dawei ​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៧០គីឡូម៉ែត្រ ​ពីទី​តាំង​ដែលយន្ត​ហោះ​​ធុន ​Y​-​8​-​200F ​បានធ្លាក់ សម្រាប់ជនរងគ្រោះមួយចំនួន ដែលត្រូវបានកំណត់អត្តសញ្ញាណរួចរាល់ ​បន្ទាប់ពី​នាវា​កងទ័ពជើង​ទឹក​ រួម​ទាំង​​​ទូក​នេសាទ​មី​យ៉ាន់​​ម៉ា ​បាន​​រក​​ឃើញ​​និង​​ស្រង់​​ចេញ​​ពី​​​ក្នុង​​សមុទ្រ ​Andaman​។

ស្របពេលជាមួយគ្នា ប្រតិបត្ការតិរុករកជនរងគ្រោះ​ក៏ដូច​ជា​យន្ត​ហោះ ដែលពុំទាន់ត្រូវបានរកឃើញនោះ នៅតែកំពុង​បន្ត​ប្រព្រឹត្តទៅយ៉ាង​សកម្ម​ដដែល តាមនាវាក៏ដូចជាទូកនេសាទរួមនិងផ្លូវអាកាស ​ទោះបីជា​​អាកាស​​ធាតុ​​​មាន​​ភាព​​លំបាក​​​ខ្លាំង​យ៉ាង​​ណា​ក្តី​។ ដោយឡែក បើតាមសារព័ត៌មាន Gobal New Light of Myanmar រដ្ឋាភិបាលមីយ៉ាន់ម៉ា បានបដិសេធចំពោះ ការផ្តល់ជំនួយក្នុងប្រតិបត្តិការស្វែងរកនេះ ពីសំណាក់បណ្តាប្រទេសមួយចំនួន រួម​ទាំង​ចិន​ផងដែរ​។

គួរបញ្ជាក់ថា ​យន្តហោះ​ធុន ​Y​-​8​-​200F ​របស់​កងទ័ព​ជើង​អាកាស​មីយ៉ាន់ម៉ា បាន​ដឹក​អ្នក​ដំណើរ១០៨នាក់ ​និង​សហសេវិក​​១៤នាក់ ​ព្រម​​ទាំង​​មាន​​ផ្ទុក​ទំ​និញ​ផ្សេង​ៗ​ទម្ងន់ ២,៤តោន​ផង​ដែរ​ ហើយ​ក្នុងចំណោម​អ្នកដំណើរ​​ទាំងនោះ​មាន​កុមារ ១៥នាក់​, ​មនុស្ស​ពេញវ័យ​​ជា​ជនស៊ីវិល​ចំនួន ​៥៨នាក់​, ​កងទ័ព ៣៥នាក់ ​ដែល០៦​នាក់​​ជា​​​មន្ត្រី​យោធា​ជាន់​​ខ្ពស់ ​និង ​២៩នាក់​ជាម​ន្ត្រី​យោធា​ធម្មតា ​នៅពេល​ដែល​វា​បាន​ដាច់​ការទាក់ទង​​ក្នុងអំឡុងពេល​ហោះ​ចេញពី​ទីក្រុង ​Myeik ​ដើម្បី​ឆ្ពោះទៅ​កាន់​ទីក្រុង ​Yangon ​កាលពី​រសៀល​ថ្ងៃពុធ​សប្តាហ៍​មុន ​នៅ​លើ​ផ្ទៃសមុទ្រ Andaman​។ រីឯមូលហេតុ ដែលបានបង្កឲ្យកើតមានសោកនាដកម្ម​ធ្លាក់យន្តហោះដ៏អាក្រក់នេះ ក៏ពុំត្រូវបានបកស្រាយ ឬដឹងច្បាស់នោះដែរ៕