(ញូដេលី)៖ តបតាមការអញ្ជើញពីសំណាក់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi នឹងធ្វើការ​បំពេញទស្សនកិច្ចនៅឯរដ្ឋធានីវ៉ាស៊ីនតោន រយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២៥ដល់២៦ ខែមិថុនាខាងមុខនេះ។ នេះបើតាមការចេញផ្សាយ​ដោយ​សារ​ព័ត៌​មានឥណ្ឌា The Times of India នៅយប់ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។

ក្រសួងការបរទេសឥណ្ឌា បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «នាយករដ្ឋមន្រ្តីលោក Narendra Modi នឹងធ្វើដំណើរទស្សនកិច្ចទៅ​កាន់រដ្ឋធានីវ៉ាស៊ីតោន នៅថ្ងៃទី២៥-២៦ ខែមិថុនា​ ឆ្នាំ២០១៧ ទៅតាមការអញ្ជើញរបស់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ»។ យោងតាមប្រភពដដែល លោកនាយករដ្ឋមន្រ្តីឥណ្ឌា នឹងជួបពិភាក្សាទល់មុខគ្នាជាផ្លូវការ ជាមួយលោកប្រធានាធិបតីអាមេរិក នាថ្ងៃទី២៦ ​ពោលគឺថ្ងៃទីពីរ នៃដំណើរទស្សនកិច្ច ហើយកិច្ចពិភាក្សានៃមេដឹកនាំប្រទេសទាំងពីរ នឹងផ្តល់គោលដៅថ្មីមួយ ដើម្បីធ្វើឲ្យ​កាន់ស៊ី​ជម្រៅ​​​ថែម​ទៀតនៃ​​​ទំនាក់ទំនង ក៏ដូចជាភាពជាដៃគូយុទ្ធសាស្រ្តឥណ្ឌា-អាមេរិក​។​

សូមជំរាបថា វានឹងក្លាយជាជំនូបលើកទីមួយហើយរបស់លោក Modi ជាមួយនឹងលោក ដូណាល់ ត្រាំ ដែលបានឡើងកាន់អំណាចកាលពី​ថ្ងៃទី២០ ខែមករា កន្លងទៅ ខណៈមេដឹកនាំទាំងពីរ ក៏ធ្លាប់បានជជែកគ្នាតាមទូរស័ព្ទ យ៉ាងហោចណាស់ចំនួនបីលើកផងដែរ គិតចាប់តាំង​ពីពេលនោះមក៕