(អ៊ីស្តង់ប៊ុល)៖ ទីភ្នាក់ងាររដ្ឋាភិបាលមួយរបស់តួកគីបានឲ្យដឹងថា គ្រោះរញ្ជួយផែនដីមួយជាមួយកម្រិត៦.២រ៉ិចទ័រ បានវាយប្រហារចំភាគខាង​លិចនៃផ្ទៃប្រទេស ហើយកោះ Lesbos នៃប្រទេសក្រិចក៏បានទទួលរងឥទ្ធិពលផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅមុននេះបន្តិចនាយប់ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមការឲ្យដឹងពី ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងសង្រ្គោះបន្ទាន់នៃប្រទេសតួកគី គ្រោះរញ្ជួយដីខាងលើ បានកើតឡើងនៅ​ក្រោមផ្ទៃសមុទ្រ Aegean ជាមួយជម្រៅប្រមាណ០៧គីឡូម៉ែត្រ នាវេលាម៉ោង៣៖២៨នាទីរសៀលថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់កើតហេតុ) ហើយ​កម្លាំងរំញ័ររបស់វា បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីក្រុងអ៊ីស្តង់ប៊ុល ដែលពោរពេញដោយប្រជាជនតួកគីរស់នៅ រួមជាមួយនិងខេត្ត Izmir ថែមទៀតផង។ ម៉្យាងវិញទៀតក៏មានសេចក្តីរាយការណ៍ព័ត៌មានផងដែរថា មនុស្សម្នាជាច្រើនទាំងនៅតំបន់ភាគខាងលិចតួកគី ក៏ដូចជាកោះ Lesbos របស់ក្រិច បាននាំគ្នារត់ចាកចេញពីអគារនានា ទៅកាន់ដងផ្លូវ។

គួរបញ្ជាក់ថា យ៉ាងណាមិញ ពុំទាន់មានសេចក្តីរាយការណ៍ណាមួយពាក់ព័ន្ធនឹងទំហំខូចខាត ឬមនុស្សរងគ្រោះនៅក្នុង ករណីរញ្ជួយផែនដីនេះ នៅ​ឡើយទេ ស្របពេលដែលគ្រោះធម្មជាតិប្រភេទនេះ តែងតែបានកើតឡើងជាញឹកញាប់នៅក្នុងប្រទេសអឺរ៉ុបទាំងពីរនេះ៕