(ដូហា)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុកាតា លោក Ali Shareef Al Emadi បាននិយាយថា កាតាកំពុង​ត្រៀមខ្លួន​ការពារផលប្រយោជន៍​សេដ្ឋកិច្ច​របស់ខ្លួន និងគ្មានហេតុផល​អ្វីត្រូវព្រួយ បារម្ភ​ ចំពោះការដាក់​ទណ្ឌកម្ម​ពីបណ្ដារដ្ឋ​ក្នុងតំបន់ ដែលបាន​ប្រកាសកាត់ផ្ដាច់​ទំនាក់ទំនង​ការទូត ជាមួយនឹង​ទីក្រុងដូហា​នោះឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik​​ នៅរសៀលថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។

«យើងដឹងថា យើងអាចនឹង​ជួបប្រឈមមុខនឹង​បញ្ហាមួយចំនួន ក៏ប៉ុន្តែយើងមាន​ទ្រព្យគ្រប់គ្រាន់ និងសន្តិសុខ​ដែលយើង​ត្រូវការ។ ទ្រពសម្បត្តិ​នៅឯបរទេស​របស់យើង និង ការវិនិយោគបរទេសនៅក្នុងប្រទេស​របស់យើង គឺមានច្រើនជាង ២៥០ភាគរយ នៃផលិតផល​ក្នុងស្រុកសរុប ឬ GDP របស់យើង... ហើយ​យើងដឹងថា យើងអាចការពារ​អត្រាប្ដូប្រាក់, យើងអាច​ការពារ​សេដ្ឋកិច្ច ប៉ុន្តែខ្ញុំមិន​គិតឡើយថា យើងត្រូវ​ព្រួយបារម្ភពី​សេដ្ឋកិច្ច​នៅក្នុងតំបន់»។ នេះគឺជា​ការគូស​បញ្ជាក់​របស់ លោក Ali Shareef Al Emadi នៅក្នុងបទ​សម្ភាសន៍​ជាមួយស្ថានីយ៍​ទូរទស្សន៍​អាមេរិក CNBC។

គួរបញ្ជាក់ថា បើតាមលោក Ali Shareef Al Emadi ទីផ្សារជា​ច្រើននៅក្នុង​ប្រទេសបានរងផលប៉ះពាល់​ ដោយសារទណ្ឌកម្មពី​សំណាក់ប្រទេស​នៅក្នុងតំបន់ ជាពិសេសគឺ អារ៉ាប៊ីសាអូឌីត តែមកទល់ពេលនេះ​ស្ថានភាពកំពុង​ត្រឡប់ទៅរកភាព​ប្រក្រតីវិញហើយ និងកំពុងបើទ្វារ​ចំហក្នុងការធ្វើពាណិជ្ជកម្ម៕