(ម៉ានីល)៖ ទីបំផុតប្រទេសហ្វីលីពីន បានប្រារព្ធខួបទី១១៩ឆ្នាំ នៃការទទួលបានឯករាជ្យពីប្រទេសអេស៉្បាញ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៨៩៨ ក្នុងទីក្រុងម៉ានីល ខណៈដែលសង្គ្រាមប្រយុទ្ធប្រឆាំងនឹងបណ្តាញក្រុម ISIS នៅភាគខាងត្បូងប្រទេស នៅមិនទាន់ទទួលបានជោគជ័យ ​តាមការប្តេជ្ញារបស់ លោក រ៉ូឌ្រីហ្គោក ឌូតឺតេ តាំងពីដើមរៀងមកថា នឹងបញ្ចប់ឲ្យបាន​មុន​ថ្ងៃបុណ្យឯករាជ្យជាតិ​នោះឡើយ។ នេះបើតាមការ​ចេញផ្សាយ​នៅមុននេះបន្តិច ដោយទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមព័ត៌មាន​ចេញផ្សាយចុងក្រោយកាលពីចុងសប្តាហ៍មុននេះ ចំនួនយោធារុប​៥៨នាក់ហើយ​បានស្លាប់ និងជនស៊ីវិល ២០នាក់ផងដែរ​បាត់បង់ជីវិត នៅក្នុងសង្គ្រាម​កម្ទេចបណ្តាញក្រុមភេរវករ ISIS នៅក្នុងទីក្រុង Marawi។ ដោយឡែកសម្រាប់ព័ត៌មានពីពួក​ឧទ្ទាមវិញ គឺសមាជិកពួកគេ​ជាង ១០០នាក់បានស្លាប់។

គួរបញ្ជាក់ថា ក្រុមសកម្ម​ប្រយុទ្ធ Maute ដែលជាសម្ព័ន្ធ​ជាមួយក្រុម អាប៊ូសាយយ៉ាហ្វ នឹងទើបតែ​ភ្ជាប់ទំនាក់​ទំនងទៅរក ISIS កាលពីប៉ុន្មាន​សប្តាហ៍មុននេះ បានធ្វើការ​ដណ្តើមកាន់កាប់​ទីក្រុង Marawi ស្ថិតនៅលើ​កោះ​មីនដាណាវ ភាគខាងត្បូង​ប្រទេសហ្វីលីពីន ដែលជាហេតុបង្ខំ​ឲ្យ​កងកម្លាំងរដ្ឋាភិបាល លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ចេញប្រតិបត្តិ​ការក្តៅ និងប្តេជ្ញាបោស​សម្អាតក្រុមនេះ​ឲ្យអស់ តបតាមច្បាប់អាជ្ញាសឹក​ដែលបានដាក់ នៅទូទាំងខេត្តភាគខាងត្បូងនេះ​ចំនួន ៦០ថ្ងៃ គិតចាប់តាំងពីខែចុងខែឧសភាមក៕