(ម៉ូស្គូ)៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូ​សង្ឃឹមថា បញ្ហាជម្លោះការ​ទូតរវាងប្រទេសកាតា និងបណ្តាប្រទេស​អារ៉ាប់ក្បែរខាង​មួយចំនួន នឹងអាចដោះស្រាយបាន​​តាមផ្នែកនយោបាយ​នាពេលឆាប់ៗខាងមុខ ដោយសារតែ​ស្ថានការណ៍​នៅក្នុងតំបន់ មានសារៈ​សំខាន់យ៉ាង​ខ្លាំងសម្រាប់ទីផ្សារ​ប្រេង​ពិភព​លោក។ នេះបើតាម​សម្តីរដ្ឋមន្រ្តីថាមពលនៃប្រទេសរុស្ស៊ី ដកស្រង់ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅ​​រសៀល​ថ្ងៃ​ចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។

រដ្ឋមន្រ្តីក្រសួងថាមពលរុស្ស៊ីលោក Alexander Novak បានថ្លែងនាពេលថ្មីៗនេះថា «ពួកយើងជឿជាក់ថា បញ្ហាជម្លោះនេះ​គួរតែត្រូវ​ដោះស្រាយ​​តាម​​ផ្នែកនយោបាយ ហើយយើង​សង្ឃឹមថា វិវាទនៅក្នុងតំបន់​មជ្ឈិមបូព៌ានេះ​នាពេលឆាប់ៗ​នឹងត្រូវដោះស្រាយរួច​ពីព្រោះថា វាជា​ធា​នា​រក្សា​​អនាគត​​នៃ​ទីផ្សារ​​ប្រេង​​នៅ​លើ​​ពិភព​លោក និងដើម្បីបន្ត​ពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ជុំវិញ​ឈូងសមុទ្រពែក ដែលវា​​ទាមទារឲ្យ​មាន​​​ស្ថិរ​ភាព និងប្រក្រតីភាពនៃ​ស្ថានការណ៍​នៅក្នុងតំបន់​»

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ​សប្តាហ៍មុន រាជាណាចក្រ​អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន អេហ្ស៊ីប រួមនិងបណ្តាប្រទេស​មួយចំនួនទៀត បានផ្តាច់ទំនាក់ទំនង​ជាមួយកាតា ក្រោមការ​ចោទប្រកាន់ថា ទីក្រុងដូហា​លួចគាំទ្រ​ក្រុមភេរវករ។ បន្ថែមពីនេះកាលពីថ្ងៃសៅរ៍​ចុងសប្តាហ៍​មុន​ រដ្ឋ​មន្រ្តី​ការបរទេស​រុស្ស៊ី លោក Sergey Lavrov បានលើកឡើងថា ទីក្រុងម៉ូស្គូ​គាំទ្រចំពោះការ​ជជែកសន្ទនាគ្នា​ដោយផ្ទាល់​ រវាងភាគីទាំងសង​ខាង ដោយថា​វាជា​មធ្យោបាយ​ល្អបំផុត ដើម្បីដោះស្រាយ​វិវាទនេះ ក៏ប៉ុន្តែលោក៏បាន​សង្កត់ធ្ងន់ដែរថា ទីក្រុងម៉ូស្គូនឹង​មិនលូកដៃចូលកិច្ចការ​ផ្ទៃក្នុង ប្រទេសដទៃនោះ​ឡើយ៕