(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានអះអាងថា សហរដ្ឋអាមេរិក​នឹងបានឃើញទីក្រុង​ព្យុងយ៉ាង បាញ់សាកល្បង​មីស៊ីលផ្លោងឆ្លង​ទ្វីប ICBM​ នៅក្នុងពេល​ឆាប់ៗនេះ ហើយភាពជោគ​ជ័យនៃការធ្វើតេស្ដ​មីស៊ីលនេះហើយ គឺជាថ្ងៃបរាជ័យនៃការប្រកាន់គោលនយោបាយ របស់ទីក្រុងវ៉ាស៊ីនតោន​ប្រឆាំងនឹង​កូរ៉េខាងជើង។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។

នៅក្នុងបទវិចារណកថារបស់ខ្លួន ចេញផ្សាយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន កាសែតរដ្ឋ​កូរ៉េខាងជើង Rodong Sinmun បានលើកឡើងយ៉ាងដូច្នេះថា «ការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់​នាពេលថ្មីៗនេះ​​បង្ហាញយ៉ាងច្បាស់ថា យើងកាន់តែខិតជិត​ដល់ការបាញ់​មីស៊ីល​ផ្លោងឆ្លងទ្វីប ICBM ... ហើយជោគជ័យ​នៃការធ្វើតេស្ដនេះ​ទៀតសោត គឺមានន័យថា យើងបានបញ្ចប់​កិច្ចការមួយ​ដ៏អស្ចារ្យជា​ប្រវត្តិសាស្ត្រ និងជាថ្ងៃបរាជ័យ​របស់​សហរដ្ឋអាមេរិក ក្នុងការប្រកាន់​នយោបាយ​ប្រឆាំងនឹងយើង»។

គួររំលឹកថា កាលពីថ្ងៃទី០១ ខែមករាកន្លងទៅ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធា​របស់ខ្លួន​ ឱ្យបង្កើនការ​ធ្វើតេស្ដបាញ់​សាកល្បងក៏ដូចជា​អភិវឌ្ឍន៍មីស៊ីល និងអាវុធ​នុយក្លេអ៊ែរ ទុកត្រៀម​ការពារ​ប្រទេស​ពីការឈ្លានពាន​ របស់​សហរដ្ឋអាមេរិក។​ ជាក់ស្ដែង​ចាប់តាំងពីមាន​ការអំពាវនាវនេះ យោធាកូរ៉េខាងជើង​បានធ្វើ​តេស្ដបាញ់​មីស៊ីល រហូតដល់ទៅជិត១០ដង គិតចាប់​ខែឧសភាមក ខណៈក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ (UN) ក៏បានចេញមុខថ្កោល​ទោសជិត ១០ដង ចំពោះទង្វើរំលោភ​លើដំណោះស្រាយ UN​ ផងដែរ និងសម្រេចដាក់ទណ្ឌកម្មបន្ថែមរួចហើយដែរ។
យ៉ាងណាក៏ដោយ ផ្អែកលើភាពរីកចំរើន​ទៅមុខនៃកម្មវិធីមីស៊ីល​កូរ៉េខាងជើង ក្រុមអ្នកជំនាញ​រំពឹងថា ទីក្រុងព្យុងយ៉ាង​អាចនឹងផលិតបាន មីស៊ីលផ្លោង​ឆ្លងទ្វីប ICBM បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ​ អាចបាញ់ដល់សហរដ្ឋអាមេរិក យ៉ាងយូរនៅឆ្នាំ២០២០៕