(បាងកក)៖ បេកសកម្មបកប្រែ​ព្រះគម្ពីបុរាណខ្មែរ ដែលមានអាយុកាលជាង២០០ឆ្នាំ ទៅជាភាសាអ៊ីតាលី ដែលជាអំណោយទុកសម្រាប់ថ្វាយសម្ដេចសង្ឃកាតូលិក Pope Puis ទី១១ ដោយព្រះមហាក្សត្រថៃរាមាទី០៧ នៅអំឡុងពេលបំពេញព្រះរាជ​ដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអ៊ីតាលី​បានបញ្ចប់ទាំងស្រុង ហើយត្រៀម​នឹងដាក់តាំងបង្ហាញ​នៅឯសារមន្ទីរវ៉ាទីកង់ ក្នុងពេលឆាប់ៗនេះ។ នេះបើតាមប្រភពព័ត៌មានពីរវត្ត Phra Chetuphon Wimonmangkhalaram ដកស្រង់ដោយ​សារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។

គម្ពីបុរាណខ្មែរខាង​លើ​សរសេរជាអក្សរខ្មែរបុរាណ គឺជាព្រះរាជអំណោយ​នៃអតីតព្រះមហាក្សត្រថៃ Prachadipok ដែលទ្រង់​បានសន្យាប្រគល់​ឱ្យបុរីវ៉ាទីកង់ នៅអំឡុងបំពេញព្រះរាជ​ទស្សនកិច្ច​នៅកាន់ប្រទេសអ៊ីតាលី កាលពីជាង​៣៨ឆ្នាំមុន។ ជាមួយគ្នានោះដែរ​ព្រះចៅអធិការវត្ត Phra Chetuphon Wimonmangkhalaram ព្រះតេជ​គុណ Thepveeraporn បានឱ្យដឹងថា ព្រះអង្គធ្លាប់ប្រាប់​ក្រុមប្រតិភូមក​ពីបុរីវ៉ាទីកង់ កាលពីពាក់​កណ្ដាលឆ្នាំ ២០១៦ថា សម្ដេចសង្ឃ​កាតូលិក Pope Francis មានព្រះទ័យ​ដាក់​តាំងបង្ហាញគម្ពីបុរាណខ្មែរ​ នៅក្នុងសារៈមន្ទីរវ៉ាទីកង់ ក៏ប៉ុន្តែព្រះអង្គ​មិនយល់ពីអត្ថន័យ​​ និងបរិបទ​នៅក្នុងព្រះគម្ពី ដូច្នេះហើយ​ទើបខាងភាគី​ថៃ បានបង្កើតក្រុមបកប្រែ​អក្សរបុរាណ​ខ្មែរ។ ក្រុមបកបែ្រនេះ​បានធ្វើការងារ​បកប្រែព្រះគម្ពី ដោយចែកចេញ​ជាប្រាំពីរជំពូក ក្នុងនោះរួមមាន​ទាំងការបង្រៀនពីរ​បៀបសូត្រ រឿងរ៉ាវកំណាព្យ របៀបសូត្រ​ភាសាបាលី និងការបង្រៀន​ពីធម្មវិន័យរបស់​ព្រះពុទ្ធជាម្ចាស់ថែនទៀតផង។

គួរបញ្ជាក់ថា ព្រះគម្ពីបុរាណខ្មែរ​មាន ១៨៦ទំព័រ ហើយដែលថៃ​ចំណាយពេល ១១ខែ ក្នុងការបកប្រែ នឹងត្រូវដាក់តាំង​បង្ហាញនៅឯសារៈមន្ទីរបុរីវ៉ាទីកង់ រួមជាមួយនឹងគម្ពី​សំណៅដើម។ មិនតែប៉ុណ្ណោះ​ព្រះគម្ពីនេះ អាចនឹងត្រូវបាន​បកប្រែជា ០៧ភាសា ក្នុងនោះមាន​ដូចជា ចិន អ៊ីតាលី បារាំង និងអេស្ប៉ាញ​ជាដើម៕