(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើង​អាចនឹងដឹកនាំការបាញ់​សាកល្បងគ្រាប់មីស៊ីល​ រៀងរាល់ ២.១សប្ដាហ៍​នៅក្នុងករណី របបដឹកនាំ​ទីក្រុងព្យុងយ៉ាង​នៅតែបន្តធ្វើតេស្ដមីស៊ីលដូច ដែលខ្លួនធ្លាប់បានធ្វើ​នៅក្នុងឆ្នាំ២០១៧នេះ។ នេះបើតាមអ្នក​ជំនាញអាមេរិកលោក Troy Stangarone ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។​

យោងតាម​លោក Troy Stangarone អ្នកជំនាញមកពីវិទ្យាស្ថានសេដ្ឋកិច្ចកូរ៉េ នៃសហរដ្ឋអាមេរិក ការវាយតម្លៃ​របស់លោក គឺធ្វើឡើងដោយផ្អែកលើ​ការវិភាគពីចំនួនគ្រាប់មីស៊ីល ដែលកូរ៉េខាងជើង បានបាញ់ចាប់​តាំងពីឆ្នាំ២០១២ ពោលគឺគិតចាប់ពី​ លោក គីម ជុងអ៊ុន ឡើងកាន់អំណាចមក។ លោក Troy Stangarone បានបញ្ជាក់​ដូច្នេះថា «ចាប់តាំងពី លោក គីម ជុងអ៊ុន ឡើងកាន់​តំណែងមក អាត្រា​ដែលកូរ៉េខាងជើង​បាញ់សាកល្បង​មានមីស៊ីលមាន ១០.៨គ្រាប់ក្នុងមួយឆ្នាំ ​គិតចាប់ពីឆ្នាំ២០១២-២០១៦ ហើយចំនួននេះ​បានកើនឡើងជា​បន្តបន្ទាប់ នារយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ»

គួររំលឹកថា កាលពីឆ្នាំ២០១២ និងឆ្នាំ២០១៣ កូរ៉េខាងជើង​បានដឹកនាំ​ការបាញ់សាកល្បង​មីស៊ីលសរុបចំនួន០៨ ហើយបើគេដកចេញ​ការធ្វើតេស្ដ​នៅអំឡុង​ដើមឆ្នាំ នោះអត្រា​ដែលទីក្រុងព្យុងយ៉ាង បាញ់សាកល្បង​មីស៊ីលមាន​រហូត ១៥.៣គ្រាប់ក្នុងមួយឆ្នាំ ​គិតពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ នេះមិនទាន់​រាប់បញ្ចូលការធ្វើតេស្ដមីស៊ីល​នៅក្នុងឆ្នាំ២០១៧នេះផង។ នេះបើតាម​លោក Troy Stangarone៕