(លីប៊ី)៖ កងកម្លាំងយោធាលីប៊ី​មួយក្រុមបានអះអាងថា ពួកគេបានសម្រេចចិត្ត​ដោះលែង លោក សាអ៊ីហ្វ អាល់អ៊ីស្លាម (Saif Al-Islam​) កូនប្រុសទី២ នៃអតីតមេដឹកនាំផ្ដាច់ការលីប៊ី លោក មួអាម៉ា ហ្គាដាហ្វី (Muammar Gaddafi) ឱ្យមានសេរីភាពវិញហើយ នៅក្នុងក្របខណ្ឌ​នៃការអនុវត្តន៍ច្បាប់​លើកលែងទោស របស់សភា​នៃអាជ្ញាធរភាគខាង​កើតប្រទេសលីប៊ី។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។​

តាមអ្វីដែលចុះផ្សាយគេហទំព័រ Facebook​ កងយោធា Abou Bakr al-Sadiq ដែលកំពុងគ្រប់គ្រងទីក្រុង Zenten​ ស្ថិតនៅចំងាយ ១៧០គីឡូម៉ែត្រ ពីទីក្រុងទ្រីប៉ូលី (Tripoli) បានបញ្ជាក់ដូច្នេះយ៉ាងថា «សាអ៊ីហ្វ អាល់អ៊ីស្លាម​ ត្រូវបានដោះលែងឱ្យមានសេរីភាព​កាលពីថ្ងៃសុក្រ​ ត្រូវនឹងថ្ងៃទី១៤ នៃខែរ៉ាម៉ាឌន ក្រោមក្របខណ្ឌ​នៃការអុនវត្តន៍ច្បាប់លើកលែង​ទោស ប្រកាសដោយរដ្ឋសភា​នៅភាគខាងកើត​ប្រទេស... ហើយចាប់ពីពេល​នេះតទៅ គាត់ (សាអ៊ីហ្វ អាល់អ៊ីស្លាម​) នឹងមានសេរីភាព​ឡើងវិញ ព្រមទំាងអាច​ចាកចេញ​ពីទីក្រុង  Zenten»។​

ទោះបីយ៉ាងណាក៏ដោយ​ការដោះលែង លោក សាអ៊ីហ្វ​ អាល់អ៊ីសា្លម ធ្វើឡើងនៅចំ​ពេលប្រទេសលីប៊ី​ត្រូវបានបែងចែកជាពីរ មួយជារដ្ឋាភិបាល​ទីក្រុងទ្រីប៉ូលី ដែលមាន សហគមន៍​អន្តរជាតិគំាទ្រ និងមួយទៀតជា​រដ្ឋាភិបាលលីប៊ី​នៅភាគខាងកើត​នៃប្រទេស។ ដូច្នេះចង់ ឬមិនចង់ការសម្រេចចិត្តបែបនេះ ធ្វើឱ្យអ្នកជំនាញ​មួយចំនួនយល់ថា សាអ៊ីហ្វ អាល់អ៊ីស្លាម អាចនឹងត្រូវបាន​គេជ្រើសរើស ជាប្រមុខដឹកនាំ​យោធា​ណាមួយ​នៅក្នុងប្រទេស ដើម្បីបង្រួបបង្រួមជាតិ​ឡើងវិញ។​

ជាក់ស្ដែង​កាលពីប៉ុន្មានខែ​កន្លងទៅ មេដឹកនាំ​យោធាម្នាក់​នៅក្នុងទីក្រុង Zenten បាននិយាយដោយ​ឥតលាក់លៀម​ថា សាអ៊ីហ្វ អាល់អ៊ីស្លាម គឺជាមនុស្សម្នាក់គត់​ ដែលអាចបង្រួបបង្រួមលីប៊ី ខណៈប្រជាជន​លីប៊ីភាគច្រើន​កំពុងនឹកស្ដាយដល់ការដឹកនាំប្រទេស របស់អតីតមេដឹកនាំ លោក មូអាម៉ា ហ្គាដាហ្វី ដែលត្រូវបានគេសម្លាប់​កាលពី​ឆ្នាំ២០១១។

គួរបញ្ជាក់ថា សាអ៊ីហ្វ អាល់អ៊ីស្លាម ត្រូវក្រុមឧទ្ទាម​នៅក្នុង​ទីក្រុង Zenten ចាប់ខ្លួនក្រោយរដ្ឋប្រហារ​ទម្លាក់ឪពុករបស់លោក និងត្រូវបានគេផ្ដន្ទា​ទោស​ប្រហារជីវិត កាលពីខែកក្កដា ឆ្នាំ២០១៥ ពីបទឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ប៉ុន្តែទោសនេះ​មិនត្រូវបាន​អនុវត្តន៍ឡើយ។ កាលពីឆ្នាំ២០១១ ផ្អែកលើហេតុផល​រំលោភសិទ្ធិមនុស្ស បារំាង អង់គ្លេស និងសហរដ្ឋអាមេរិក បានសម្រេចចិត្ត​បញ្ចូនកងកម្ម៉ង់ដូ​ពិសេសរបស់ខ្លួន ទៅជួយក្រុមឧទ្ទាម ដើម្បីផ្ដួលរំលំ​របបដឹកនាំ លោក ហ្គាដាហ្វី តែចុងក្រោយលទ្ធផលដែល គេឃើញដូចសព្វ​ថ្ងៃនោះ គឺលីប៊ីបច្ចុប្បន្នអន់ជាង​លីប៊ីជំនាន់ លោក កាដាហ្វី ដឹកនាំទៅទៀត ដោយប្រជាជនលីប៊ី ត្រូវរស់នៅភិតភ័យ​ស្ទើររៀងរាល់ថ្ងៃ រីឯប្រទេសជាតិត្រូវ​បែកបាក់ជាពីរ សេដ្ឋកិច្ចធ្លាក់ចុះ​រហូតដល់បាត បើធៀបទៅនឹងជំនាន់​លោក ហ្គាដាហ្វី GDP របស់ប្រជាជនលីប៊ី​គឺខ្ពស់ជាងគេ​ នៅក្នុងចំណោមប្រទេស​អាហ្រិ្វកខាងជើង៕