(ហ្សាការតា)៖ គ្រោះធម្មជាតិរញ្ជួយផែនដីដ៏កក្រើកកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារតំបន់​ឆ្នេរសមុទ្រ​ភាគខាងត្បូងនៃខេត្តជ្វាប្រទេស​ឥណ្ឌូណេស៊ី ដែលមានប្រជាជន​​រស់នៅកកុញ នៅព្រឹកថ្ងៃចន្ទនេះតែម្តង ប៉ុន្តែគេពុំទាន់ទទួលបានសេចក្តីរាយការណ៍ព័ត៌មានណាមួយ អំពីការខូតខាត ឬក៏មនុស្សប៉ុន្មាន​នាក់រងគ្រោះថ្នាក់នោះឡើយ។ នេះបើតាមការចេញផ្សាយ​ដោយស៊ិនហួរ ដកស្រង់ពីទីភ្នាក់ងារតាមដាន​ភូមិសាស្ត្រ​ឥណ្ឌូណេស៊ី នាព្រឹកថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។

គ្រោះរញ្ជួយដីខាងលើនេះ បានកើតមានឡើងនៅវេលាម៉ោង ៦៖១៥នាទីព្រឹក ម៉ោងនៅទីក្រុងហ្សាការតា ដែលមានចម្ងាយ ១៧៩គីឡូម៉ែត្រពីទីក្រុង Sukabumi នៃខេត្តជ្វា ដោយវាបានញ័រចេញពីក្នុងជម្រៅ ១០គីឡូម៉ែត្រ​ខាងក្រោមបាតសមុទ្រ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នឥណ្ឌូណេស៊ី (BNPB) បានអះអាងថា គ្រោះរញ្ជួយដី ៦.៣រ៉ិចទ័រនេះ ក៏បានជះឥទ្ធិពលដល់រដ្ឋធានីហ្សាការតាផងដែរ ដែលមានចម្ងាយ ២០០គីឡូម៉ែត្រ ភាគខាងជើងនៃតំបន់ស្នូល ដែលបានរងគ្រោះរញ្ជួយដី។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី មានទីតាំងស្ថិតនៅក្នុងតំបន់ «Ring of Fire» ដែលជាខ្សែក្រវាត់ដ៏រង្គោះរង្គើ​ព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រការនេះវាតែងតែបង្កឲ្យប្រទេសនេះ ងាយរងគ្រោះដោយសាររញ្ជួយដី បន្ទុះភ្នំភ្លើង និងព្យុះកំណាចជាដើម៕