(តេហេរ៉ង់)៖ ខណៈកាតា កំពុងត្រូវបានបណ្ដាប្រទេសអារ៉ាប់ ព្រួតគ្នាខ្ទប់ដង្ហើមបង្អត់អាហារ នៅបំផុតអ៊ីរ៉ង់បានអះអាងថា យន្ដហោះដឹកនាំម្ហូបអាហារចំនួន០៥គ្រឿងរបស់ខ្លួន ត្រូវបានបញ្ជូនទៅកាន់ទីក្រុងដូហាហើយ នៅថ្ងៃអាទិត្យនេះ។ នេះបើតាមសារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ Iran Air លោក Shahrokh Noushabadi បានឱ្យដឹងដូច្នេះថា៖ «គិតមកទល់ពេលនេះយន្ដហោះ០៥ គ្រឿងដឹកម្ហូបអាហារ មានដូចជាបន្លែ ផ្លែឈើជាដើម ដោយក្នុងនោះយន្ដហោះមួយគ្រឿងៗ ផ្ទុកម្ហូបអាហារមានទម្ងន់ជាង៩០តោន ត្រូវបានបញ្ចូនទៅកាន់ ប្រទេសកាតា ខណៈយន្ដហោះទី០៦ នឹងត្រូវបញ្ជូនទៅកាន់ទីក្រុងដូហា ...ហើយយើងនឹងបន្តបញ្ជូនម្ហូបអាហារ ដរាបណាកាតាស្នើសុំពីពួកយើង»
ជាងនេះទៅទៀតបើតាមអ្នក នាំពាក្យរូបនេះដដែល ទីក្រុងតេហេរ៉ង់ ក៏ត្រៀមបញ្ចូនផលិតផលចំណីអាហារជាង៣៥០តោន ដឹកតាមទូកតូច០៣គ្រឿងទៅកាន់កាតាផងដែរ។ តែយ៉ាងណា លោក Shahrokh មិនបានបញ្ជាក់ថា ការបញ្ជូនម្ហូបអាហារនេះ គឺជាជំនួយមនុស្សធម៌ ឬក៏ជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម នោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទកន្លងទៅ អារ៉ាប៊ីសាអូឌីត, អេមីរ៉ាត់អារ៉ាប់រួម, បារ៉ែន, យ៉េមែន, ម៉ាល់ឌីវ និងអេហ្ស៊ីប បានប្រកាសផ្ដាច់ទំនាក់ទំនងការទូត បិទព្រំដែនគោក-ទឹក និងអាកាសជាមួយកាតា ដោយចោទថាទីក្រុងដូហា គាំទ្រក្រុមចលនា ដែលពួកគេហៅថាជាភេរវករដូចជាក្រុមហាម៉ាស់ និង Muslim Brotherhood នៅអេហ្ស៊ីប។ ចំណែកឯ កាតា បានច្រានចោលការចោទប្រកាន់ទាំងនេះ និងអះអាងការសម្រេចចិត្តបែបនេះគឺជារឿងអយុត្តិធម៌ ហើយថាខ្លួននឹងមិនចុះញ៉ម ឬក៏ផ្លាស់ប្ដូរគោលនយោបាយការទូតរបស់ ខ្លួន ដូចទីក្រុងរីយ៉ាតបានស្នើនោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ ការបិទព្រំដែននេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់ប្រជាជនកាតា ពោលគឺការបិទព្រំដែនមានន័យ ស្មើនឹងការខ្ទប់ដង្ហើមចង់បង្អត់ចំណីអាហាកាតា ត្បិតទីក្រុងដូហា នាំចូលផលិតផលចំណីអាហារជាង៩០ភាគរយពីបរទេស ក្នុងនោះ៤០ភាគរយ ពីអារ៉ាប៊ីសាអូឌីត៕