(ក្យូតូ)៖ នៅពេលដែលព្រះអង្គម្ចាស់ Naruhito ដែលជារជ្ជទាយាទរបស់ព្រះរាជាជប៉ុន កំពុងស្ថិតនៅសកលវិទ្យាល័យ Oxford កាលពីប៉ុន្មានសប្តាហ៍មុន ទ្រង់បានចំណាយពេលខ្លះធ្វើទស្សនកិច្ចនៅកន្លែងសំខាន់ៗជាទីចាប់អារម្មណ៍របស់ទ្រង់។

ទ្រង់បានជ្រាបច្បាស់ថា នៅពេលទ្រង់ត្រឡប់មកទីនេះម្តងទៀតជាថ្មី ច្បាស់ជាមិនអាចធ្វើដំណើរកំសាន្តជុំវិញទីក្រុង ដោយសេរីភាពបែបនេះបានទៀតឡើយ។ «ជាការពិត ទីក្រុងទាំងមូលនឹងបន្តស្ថិតក្នុងស្ថានភាពដដែល តែអ្វីដែលផ្លាស់ប្តូរ គឺតួនាទីរបស់ខ្ញុំ» ទ្រង់បានសរសេរបែបនេះ នៅលើសៀវភៅកំណត់ហេតុ ដោយបន្តថា «គ្រប់ពេលដែលខ្ញុំគិតដល់រឿងទាំងនេះ ខ្ញុំហាក់គ្រប់គ្រងខ្លួនឯងលែងបានដោយសារអារម្មណ៍ក្នុងការប្រឈមមុខនឹងជីវិតជាក្សត្រមិនងាយស្រួល ដូចមុនឡើយ ហើយខ្ញុំតែងតែប្រាថា្នសូមឱ្យពេលវេលាទាំងនោះមិនកើតឡើងប្រសើរជាង»

ជាង៣០ឆ្នាំមកហើយ ដែលទ្រង់ត្រូវប្រឈមមុខនឹងការផ្ទេរដំណែង ដោយសារព្រះអធិរាជ Akihito វ័យ៨៣វស្សា មានបំណងចង់ដាក់រាជ្យសម្បត្តិឱ្យទ្រង់ ដែលជាបុត្រដើម្បីស្នងរាជ្យបន្ត។ ច្បាប់ពិសេសនេះ ទើបតែសម្រេចយល់ព្រមដោយសភាថ្មីៗនេះ ហើយគេរំពឹងថា ទ្រង់នឹងដាក់រាជ្យសម្បតិ្តក្នុង នៅចុងឆ្នាំ២០១៨ខាងមុខ។

ព្រះអង្គម្ចាស់ Naruhito ស្ថិតក្នុងព្រះជន្ម៥៧ វស្សា បានចង្អុលបង្ហាញថា ទ្រង់បានត្រៀមជាស្រេច ព្រមទាំងគ្រោងនឹងដើរលើផ្លូវដូចគ្នាមាតាបិតារបស់ទ្រង់ដែរ គឺធ្វើយ៉ាងរក្សាភាពស្និតស្នាលជាមួយនឹងប្រជាពលរដ្ឋ។ ព្រះអង្គម្ចាស់ដែលមានប្រវត្តិធ្លាប់មានវិវាទជាមួយក្រុមការិយាធិបតេយ្យអង្គនេះ បានលើកឡើងថា ទ្រង់ក៏នឹងនាំមកនូវ«របត់ថ្មី» សម្រាប់វង្សត្រកូលក្សត្រជំនាន់ក្រោយផងដែរ។

វាជាច្បាប់មួយ ដែលត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើន ក្នុងនោះមានដូចជាបញ្ហាអ្នកស្នងរាជ្យ កង្វះខាតនូវមនុស្សមានបុគ្គលិកលក្ខណៈពេញលេញ ការប្រឈមមុខនឹងបញ្ហាសុខភាពរបស់មហេសីរបស់ទ្រង់ គឺព្រះនាង Masako។

ខណៈទ្រង់នៅសិក្សានៅសកលវិទ្យាល័យ Oxford រាជទាយាទអង្គនេះ ត្រូវបានគេពណ៌នាថា ជាមនុស្សចូលចិត្តភាពឯកជន និងជាបុរសដែលមាន ភាពអៀនខ្មាស់ច្រើន។ ទ្រង់បានជួបជាមួយមហេសីរបស់ទ្រង់ជាលើកដំបូងក្នុងឆ្នាំ១៩៨៦ បន្ទាប់ពីទ្រង់ទើបតែត្រឡប់មកប្រទេសជប៉ុនវិញ គឺព្រះនាង Masako។ ព្រះនាង Masako ជាស្ត្រីម្នាក់ដែលមានចំណេះដឹងភាសាបរទេសជាច្រើនភាសា និងស្ទាត់ជំនាញ បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Harvard ហើយទើបតែជាប់ការប្រឡងយ៉ាងតឹងរឹងបំផុតដើម្បីក្លាយជាមន្ត្រីទូតលំដាប់កំពូល។

ទំនាក់ទំនងផ្អែមល្ហែមរវាងអ្នកទាំងពីរ បានកើតឡើង ប៉ុន្តែនាងព្យាយាមពន្យាពេលដោយមានក្តីបារម្ភអំពីជីវិតក្នុងច្បាប់ទម្លាប់ខ្ពង់ខ្ពស់ ក្នុងនាមជាសមាជិកក្សត្រម្នាក់។ ប៉ុន្តែទីបំផុតអ្នកទាំងពីរសម្រេចរៀបអភិសេកក្នុងឆ្នាំ១៩៩៣។

ក្រោយមកព្រះនាងបានប្រាប់អ្នកសារព័ត៌មានថា ព្រះនាងទទួលសំណើររៀបការពីទ្រង់បន្ទាប់ពីទ្រង់បានលើកឡើងថា «អូនអាចនឹងមានការភ័យខ្លាច និងបារម្ភអំពីការប្រឡូកចូលក្នុងជីវិត គ្រួសារអធិរាជ ប៉ុន្តែបងសូមសន្យាថា នឹងការពារអូនពេញមួយជីវិតរបស់បង»។

ក្នុងបទសម្ភាសន៍កាលពីឆ្នាំ២០០៤កន្លងទៅនេះ មានវិបត្តិជាច្រើនបានកើតឡើយ។ ព្រះអង្គបានប្រាប់អ្នកសារព័ត៌មានថា មហេសីរបស់ទ្រង់មានភាព នឿយហត់ជាខ្លាំង ដើម្បីទទួលយកជិវិតជាមហេសីនៃសមាជិកគ្រួសារក្សត្រម្នាក់។

កាលពីខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅនេះ ខណៈដែលត្រៀមខ្លួនដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃការបញ្ចប់សង្គ្រាមលោកលើកទីពីរ ព្រះរាជទាយាទ រូបនេះបានលើកឡើងថា «វាពិតជាមានសារៈសំខាន់ជាខ្លាំងក្នុងការក្រឡេកត្រឡប់ក្រោយដោយការដាក់ខ្លួន និងឆ្លងកាត់បទពិសោធន៍ នៃសង្គ្រាមដោយ ភាពត្រឹមត្រូវ»។ ទ្រង់បានលើកឡើងដោយបង្ហាញការព្រមានចំពោះអ្នកដែលមានបំណង កែប្រែឡើងវិញអំពីប្រវត្តិសាស្ត្រនៃអ្នកនយោបាយស្នេហាជាតិ»។

លោកសាស្ត្រាចារ្យ Colin Jones ប្រចាំសកលវិទ្យាល័យ Doshisha បានលើកឡើងថា វាមិនអាចទេសម្រាប់ព្រះចៅអធិរាជថ្មី ក្នុងការពាក់ព័ន្ធនឹង នយោបាយ។«ចំណុចសំខាន់ក្នុងប្រព័ន្ធក្នុងពេលបច្ចុប្បន្ន គឺបង្ការការប្រើប្រាស់នយោបាយពាក់ព័ន្ធនឹងក្សត្រ ដើម្បីបង្កាក្សត្រកុំឱ្យពាក់ព័ន្ធនឹងរឿងនយោបាយ»។

ក្នុងសៀវភៅកំណត់ហេតុ ក្នុងពេលទ្រង់ជានិស្សិតប្រចាំនៅសកលវិទ្យាល័យ Oxford បានឱ្យដឹងថាព្រះអង្គ តែងតែឆ្លងកាត់រឿងរីករាយ និងជីវិតឯកជន ដោយមានបំណងចង់ទទួលយកបទពិសោធន៍ថ្មី អ្វីដែលអាចរក្សាជំហររបស់ទ្រង់ក្នុងស្ថានភាពដ៏ប្រសើរមួយ។

លោក Isao Tokoro សាស្ត្រាចារ្យប្រវិត្តសាស្ត្រប្រចាំសកលវិទ្យាល័យ Kyoto Sangyo បានលើកឡើងក្នុងបទសម្ភាសន៍ថា «ព្រះអង្គបានត្រៀមខ្លួន បានយ៉ាងល្អសម្រាប់ពេលអនាគត»។ «រាជទាយាទអង្គនេះ បានទទួលការអប់រំក្លាយជាព្រះចៅអធិរាជតាំងពីថ្ងៃដែលទ្រង់ប្រសូតមកម្ល៉េះ។ ខ្ញុំមានអារម្មណ៍ថា វាពិតជាមានសារៈសំខាន់ជាខ្លាំងសម្រាប់ទ្រង់ក្នុងការកាន់ដំណែង និងបំពេញសេចក្តីត្រូវការប្រទេសជិតទៅតាមកាលៈទេសៈ បានច្រើនបំផុតតាមដែលអាចធ្វើទៅបាន»

បកប្រែនិងសម្រួលដោយ៖ អ៉ឹត ចាន់ណា