(ដូហា)៖ អាជ្ញាធរអេមីរ៉ាតអារ៉ាប់រួម បានប្រកាសថា ខ្លួននឹងដាក់ទោសទណ្ឌលើប្រជាជនរបស់ខ្លួន ដែលបង្ហោះសារគាំទ្រកាតា នៅលើបណ្ដាញទំនាក់ទំនងសង្គម ដោយជនណាហ៊ានល្មើសនឹងច្បាប់នេះ អាចនឹងប្រឈមមុខជាប់ពន្ធនាគាររហូតដល់ទៅ១៥ឆ្នាំ។ នេះបើតាមការសារព័ត៌មានអារ៉ាប៊ីសាអូឌីត ​Al-Arabiya ដកស្រង់ដោយសារព័ត៌មាន Al jazeera ​នៅក្នុងសប្ដាហ៍នេះ។

ជុំវិញជម្លោះការទូតនេះដែរ សារព័ត៌មាន Al-Arabiya បានបញ្ជាក់ទៀតថា អគ្គព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត Hamad Saif al-Shamsi បានចេញសេចក្ដី ថ្លែងការណ៍មួយ កាលពីថ្ងៃពុធដោយនិយាយថា អ្នកបង្ហោះសារគាំទ្រកាតា នៅលើបណ្ដាញទំនាក់ទំនងសង្គម នឹងត្រូវជាប់ទោសឧក្រិដ្ឋព័ត៌មានវិទ្យា ដែលត្រូវដាក់ទោសតាមច្បាប់ឱ្យជាប់ពន្ធនាគារពី០៣ឆ្នាំរហូតដល់ទៅ១៥ឆ្នាំ និងពិន័យជាប្រាក់១៣៦,០០០ដុល្លារអាមេរិក។

អគ្គព្រះរាជអាជ្ញា Al-Shamsi បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា៖ «ការរឹតបន្តឹងច្បាប់នេះ គឺមានគោលដៅទៅលើជនណាដែលបង្ហាញ ឬបង្ហោះសារការគំាទ្រដល់កាតា ឬក៏អ្នកណាដែលប្រឆាំងនឹងគោលជំហររបស់អេរ៉ាតអារ៉ាប់រួម បើទោះជាការគាំទ្រនេះ ធ្វើឡើងតាមបណ្ដាញទំនាក់ទំនងសង្គម ឬលិខិតគ្រប់ទម្រង់ទាំងអស់។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទកន្លងទៅ អារ៉ាប៊ីសាអូឌីត, អេមីរ៉ាត់អារ៉ាប់រួម, បារ៉ែន, យ៉េមែន, ម៉ាល់ឌីវ និងអេហ្ស៊ីប បានប្រកាសផ្ដាច់​ទំនាក់ទំនង​ការទូត បិទព្រំដែនគោក-​ទឹក និងអាកាស​ជាមួយកាតាដោយចោទថា ទីក្រុងដូហា ​គាំទ្រក្រុមចលនា ​ដែលពួកគេហៅថា ​ជាភេរវករ ​ដូចជា ក្រុម​ហាម៉ាស់ និង Muslim Brotherhood។ ចំណែកឯ កាតា បាន​ច្រានចោលការ​ចោទប្រកាន់ទាំងនេះ​ និងអះអាងការសម្រេចចិត្តបែបនេះគឺជារឿងអយុត្តិធម៌ ហើយថា ខ្លួននឹងមិនចុះញ៉ម ឬក៏ផ្លាស់ប្ដូរគោលនយោបាយការទូតរបស់ខ្លួនដូច ទីក្រុងរីយ៉ាតបានស្នើនោះទេ។

ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញមួយចំនួនយល់ថា អ្នកដែលចំណេញពិតប្រាកដពីជម្លោះបែកបាក់ផ្ទៃក្នុងអារ៉ាប់ គឺអ៊ីស្រាអែល ត្បិតតាមរយៈការ ចាត់វិធានការពីសំណាក់អារ៉ាប៊ីសាអូឌីត វាបានជួយដកឆ្អឹងទទឹងក របស់អ៊ីសា្រអែល ដូចជាការបិទសា្ថនីយ៍ទូរទស្សន៍ Al Jazeera​ ដែលតែងតែចុះផ្សាយរិះគន់ លើសកម្មភាពអាណានិគមអ៊ីស្រាអែល នៅឯដែនដីប៉ាឡេស្ទីន៕