(ឌូបៃ)៖ បណ្តាប្រទេសមហាអំណាច​ប្រចាំពិភពអារ៉ាប់ចំនួន០៤ ដែលបានផ្តាច់ចំណង​ការទូតជាមួយប្រទេស​កាតា កាលពីដើមសប្តាហ៍​នេះ ជុំវិញការសង្ស័យថា រដ្ឋាភិបាល​ទីក្រុងដូហា គឺជារដ្ឋគាំទ្រ​អំពើភេរវកម្មនោះ បានសម្រេចចាត់​បុគ្គល​រាប់​សិប​នាក់ និងក្រុមហ៊ុន​មួយ​ចំនួន ដែល​​រង​ការ​ចោទ​​​ប្រកាន់ថា​ មាន​ទំនាក់ទំនងជាមួយកាតា ​ចូលទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃក្រុមភេរវករ ហើយប្រការនេះគឺជាការដុតរោល​បញ្ហា​ជម្លោះ ​ដ៏​ក្តៅ​គគុក​រវាងភាគីទាំងសង​ខាងបន្ថែមទៀត ដែលកំពុងបង្កការគំរាមកំហែង ដល់សន្តិសុខនៃតំបន់​មជ្ឈិមបូព៌ា​ទាំងមូល។ នេះ​បើ​តាម​​ការ​ចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។

ព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត, ប្រទេសអេមីរ៉ាត់អារ៉ាប់រួម, អេហ្ស៊ីប និងបារ៉ែន នាថ្ងៃសុក្រនេះ បានសម្រេចចាត់ទុកបុគ្គល​ចំនួន ​៥៩​រូប​​ថា​​ជា​​ភេរវ​ករ ហើយក្នុងចំណោមនោះ​ក៏រួមមានមេដឹកនាំ​ក្រុមចលនា Musim Brotherhood លោក Yousef al-Qaradawi ផងដែរ។ ម៉្យាង​វិញទៀត សេចក្តីថ្លែងការណ៍​រួម​របស់ប្រទេស​ទាំង០៤ ក៏បានចាត់ក្រុមហ៊ុនចំនួន១២ ដែលក្នុងនោះមានទាំងមូលនិធិ​សប្បុរសធម៌ Qatar Charty និង Eid Charity ថែមទៀតផងថា ពួកគេមានជាប់ទាក់ទងនឹងក្រុមភេរវករ។

គួរបញ្ជាក់ថា ប្រទេសរ៉ាប់​ទាំងបួនខាងលើ បានប្រកាសផ្តាច់​ទំនាក់ទំនងការទូត​ គ្រប់ទម្រង់​ទាំងអស់ជាមួយកាតា កាលពីថ្ងៃ​ចន្ទសប្តាហ៍​នេះ ក្រោមហេតុផល​ចោទប្រកាន់ថា ទីក្រុងដូហា​បានផ្តល់ការគាំទ្រ​ដល់ក្រុមភេរវករអ៊ីស្លាម និងសត្រូវម៉ឺនឆ្នាំ​របស់ពួកគេ​គឺប្រទេសអ៊ីរ៉ង់ ហើយបន្ទាប់មក​ប្រទេសមួយចំនួនទៀត​រួមមាន យ៉េម៉ែន លីប៊ី និងម៉ាល់ឌីវ ក៏បានរួមគ្នាប្រកាស​ផ្តាច់ចំណងទាក់ទង​ជាមួយកាតាដូចគ្នា៕